កម្ពុជា សម្រេចលើកលែងទិដ្ឋាការជូនភ្ញៀវទេសចរចិន ក្នុងអំឡុងពេល ៤ខែ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជាសម្រេចលើកលែងទិដ្ឋាការជូនភ្ញៀវទេសចរចិន ក្នុងអំឡុងពេល ៤ខែ (គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦)។ ក្នុងកំឡុងពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានអនុញ្ញាតដាក់ឱ្យលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែល កាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសណាផ្សេងក៏ដោយឱ្យតែកាន់លិខិតឆ្លងដែន PRC ចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ ដោយអាចស្នាក់នៅក្នុងប្រទេសកម្ពុជាបាន ចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ (គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦) ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃដោយគ្រាន់តែបំពេញ E-arrival card។

ក្នុងកំឡុងពេលសុពលភាព នៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានការរំពឹងជាវិជ្ជមានថាការដាក់ឱ្យដំណើរការសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិននៅឆ្នាំ ២០២៦ នឹងបន្តបើកផ្លូវប្រកបដោយទំនុកចិត្តសម្រាប់ទាក់ទាញទេសចរ និងវិនិយោគិនចិនមកកាន់កម្ពុជាបន្ថែម​ទៀត។

លោកបញ្ជាក់ថា ជាការពិតមិនអាចប្រកែកបាន អនាគតនៃវិស័យទេសចរណ៍ កម្ពុជា គឺមិនអាចកាត់ផ្តាច់ពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនចិនបានឡើយ។ ក្នុងន័យនេះ កម្ពុជា បានត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ និងរួចរាល់ក្នុងការទទួលស្វាគមន៍ការត្រលប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិនរបស់មិត្តចិននៅកម្ពុជា៕