ភ្នាក់ងារសារព័ត៌មាន China News Service (CNS) ដែលជាស្ថាប័នព័ត៌មានរដ្ឋដ៏ធំមួយរបស់មហាមិត្តចិន បានមកជួបសម្ភាសន៍ជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងយល់ពីវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច បរិយាកាសវិនិយោគ និងភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងចិន។

ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា នៅក្នុបបទសម្ភាសន៍ជាមួយ CNS កាលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសចំពោះ ប្រធានាធិបតី ស៊ី ជិនពីង ដែលបានដាក់ចេញនូវគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” (BRI)។ គំនិតផ្តួចផ្តើមនេះ បានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការជួយជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តធំៗ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់។

ពាក់ព័ន្ធនឹងស្ថានភាពពាណិជ្ជកម្ម និងវិនិយោគ ឯកឧត្តម បានគូសបញ្ជាក់ថា ចិននៅតែជាប្រភពទុនវិនិយោគធំជាងគេបង្អស់នៅកម្ពុជា។ ឯកឧត្តមថា៖ «កម្ពុជាស្វាគមន៍រាល់ការវិនិយោគស្របច្បាប់ពីគ្រប់បណ្តាប្រទេសទាំងអស់ ដោយគ្មានការរើសអើង» និងបានអំពាវនាវឱ្យវិនិយោគិនចិន ពិចារណាពិនិត្យលទ្ធភាពក្នុងការបោះទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត ដោយសារកម្ពុជាស្ថិតនៅចំណុចកណ្តាលនៃតំបន់ និងមានអត្ថប្រយោជន៍លើកទឹកចិត្តជាច្រើនតាមរយៈច្បាប់វិនិយោគថ្មី។
សម្រាប់ឆ្នាំ២០២៦នេះ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរចិនកាន់តែច្រើន ដែលជានឹងក្លាយជាកម្លាំងចលករជួយដល់សេដ្ឋកិច្ចមូលដ្ឋាន។ ក្នុងនាមជាឆ្នាំដែលប្រារព្ធ ខួបលើកទី៦៨ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ឯកឧត្តម បានរំលឹកពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ដែលត្រូវបានត្រួសត្រាយផ្លូវដោយ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ និងថ្នាក់ដឹកនាំចិនជំនាន់មុន ហើយត្រូវបានបន្តពូនជ្រំយ៉ាងរឹងមាំដោយ សម្តេចតេជោ ហ៊ុន សែន និងបន្តមកដល់បច្ចុប្បន្នក្រោមការដឹកនាំរបស់ សម្តេច ធិបតី ហ៊ុន ម៉ាណែត សំដៅពង្រឹង “មិត្តភាពដែកថែប”។

តាមរយៈបទសម្ភាសន៍នេះ ឯកឧត្តម ស៊ុន ចាន់ថុល បានអះអាងជាថ្មីនូវជំហរដ៏រឹងមាំរបស់កម្ពុជា ក្នុងការគាំទ្រ “គោលនយោបាយចិនតែមួយ”។ ក្រោមការដឹកនាំរបស់ សម្តេចធិបតី កម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងដាច់ខាត ក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបរាល់សកម្មភាពខុសច្បាប់នានា ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scamming) ដើម្បីធានានូវបរិយាកាសវិនិយោគ សម្រាប់គ្រប់ៗគ្នារួមទាំងភ្ញៀវទេសចរផងដែរ៕ អត្ថបទ៖ហ្សាលីន

