ការចិញ្ចឹមមាន់ដែលមានការរៀបចំផែនការច្បាស់លាស់ និងការកែច្នៃបន្ថែម អាចផ្តល់ផលចំណេញ និងតម្លៃបន្ថែមខ្ពស់ ស្របពេលបច្ចុប្បន្ននេះកម្ពុជា តម្រូវការសាច់មាន់ទូទាំងប្រទេស មានចំនួនចាប់ពី១៥ម៉ឺន ទៅ១៦ម៉ឺនក្បាលក្នុង១ថ្ងៃ។

តាមរយៈវីដេអូចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៤ ខែមករា បានឱ្យដឹងថា ដើម្បីធានាបាននូវស្ថិរភាពថ្លៃ និងទទួលបានផលចំណេញ ការចិញ្ចឹមមាន់ ទាំងការចិញ្ចឹមតាមបែបពាណិជ្ជកម្ម និងការចិញ្ចឹមជាលក្ខណៈគ្រួសារ ទាមទារឲ្យមានការរៀបចំផែនការច្បាស់លាស់ ធ្វើយ៉ាងណាឲ្យការផ្គត់ផ្គង់មានសមាមាត្រទៅនឹងតម្រូវការទីផ្សារ។
លោក ស៊ាង សុខលីម ប្រធាននាយកដ្ឋានផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការចិញ្ចឹមមាន់ដើម្បីទទួលបានជោគជ័យ ត្រូវផ្តោតលើកត្តាសំខាន់ៗ៣៖ ទី១ ការជ្រើសរើសពូជ ទី២ ការជ្រើសរើសចំណី ផ្តល់ចំណីគ្រប់គ្រាន់ ទី៣ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ។

លោកបន្ថែមថា ការកែច្នៃសាច់មាន់ក្នុងស្រុកទៅជាផលិតផលអាហារ និងចំណីសត្វជាដើម ក៏ជាការងារសំខាន់ ដែលអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធ កំពុងជំរុញបន្ថែមផងដែរ ដើម្បីជំរុញឲ្យវិស័យនេះរីកចម្រើន និងទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់ថែមទៀត។
ជាទូទៅ តម្លៃមាន់សាច់មានតម្លៃចន្លោះពី៤៨០០ទៅ៥០០០រៀល ក្នុងមួយគីឡូក្រាម។ កន្លងមកគោលនយោបាយកសិកម្ម ក៏ដូចជាអគ្គនាយកដ្ឋានជាសេនាធិការក្រសួងកសិកម្ម បានជួបជុំជាមួយសមាគមអ្នកចិញ្ចឹមសត្វ អ្នកចិញ្ចឹមមាន់ ដែលស្ថិតក្នុងសហគមន៍ឱ្យផលិតសមស្របទៅតាមតម្រូវការទីផ្សារផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួនបានបោះទុនវិនិយោគក្នុងការបង្កើតរោងចក្រកែច្នៃសាច់មាន់ ។ កែច្នៃផលិតចេញពីសត្វនេះ គឺជាការបង្កើតតម្លៃបន្ថែម ជាពិសេសដើម្បីរក្សានូវស្ថេរភាពថ្លៃ។ បច្ចុប្បន្ននេះ ចិញ្ចឹមមាន់លក្ខណៈពាណិជ្ជកម្មមានតែប្រមាណ៣០%ប៉ុណ្ណោះ ខណៈការចិញ្ចឹមមាន់លក្ខណៈគ្រួសារគ្របដណ្តប់រហូតដល់ប្រមាណ៧០%។ ក្នុងន័យនេះ ក្រសួងក៏បាននិងកំពុងជំរុញការកែច្នៃសាច់មាន់ធ្វើជាវត្ថុធាតុដើម បម្រើឱ្យវិស័យកម្មន្តសាល សម្រាប់កែច្នៃម្ហូបអាហារក៏ដូចជាវត្ថុធាតុផលិតចំណីសត្វលម្អផងដែរ៕


