សម្តេចតេជោ បំពាក់គ្រឿងឥស្សរិយយស«សហមេត្រី» ថ្នាក់មហាសេរីវឌ្ឍន៍ ជូនឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ  ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយស «សហមេត្រី» ថ្នាក់ មហាសេរីវឌ្ឍន៍ ជូនឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចំពោះការខិតខំរួមប្រឹងប្រែងរបស់ឯកឧត្តមនាពេលកន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបំពាក់គ្រឿងឥស្សរិយយស បានធ្វើឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយស «សហមេត្រី» ថ្នាក់ មហាសេរីវឌ្ឍន៍ ជូនឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចំពោះការខិតខំរួមប្រឹងប្រែងរួមចំណែកជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌូណេស៊ីនាពេលកន្លងមកនេះ។

សូមជម្រាបថា កាលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅក្នុងជំនួបរវាងសម្តេចប្រធានរដ្ឋសភា ឃួន សុដារី ជាមួយឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងដែរថា ឥណ្ឌូណេស៊ី ជាមិត្តដ៏ល្អរបស់កម្ពុជា និងជាដៃគូដ៏គួរឱ្យទុកចិត្ត។ ចំណងមិត្តភាពកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឈរលើភាពស្មោះត្រង់ លើការជឿទុកចិត្តគ្នា និងការផ្តល់ ផលប្រយោជន៍ទៅវិញទៅមក។ ឥណ្ឌូណេស៊ីបានរួមចំណែក ស្វែងរកសុខសន្តិភាពនិងបានគាំទ្រដល់ការអភិវឌ្ឍន៍នៅកម្ពុជា រហូតមក។

នាឱកាស​នោះដែរ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានថ្លែងអំណរ គុណចំពោះអនុព័ន្ធយោធាឥណ្ឌូណេស៊ី ដែលបានចូលរួមយ៉ាងសកម្ម ជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានាដល់ការអនុវត្តបទឈប់បាញ់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ធ្វើយ៉ាងណាឱ្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ វិលទៅប្រក្រតីភាពឡើងវិញ ដែលជាបំណងប្រាថ្នារបស់ពលរដ្ឋទំាងពីរប្រទេស ក៏ដូចជាបំណងប្រាថ្នារបស់អាស៊ាននិងពិភពលោក ផងដែរ៕ អត្ថបទ៖ហ្សាលីន