រដ្ឋមន្រ្ដីការបរទេស និងរដ្ឋមន្រ្ដីការពារជាតិកម្ពុជា-ចិន នឹងមានជំនួបជាមួយគ្នាក្នុងកិច្ចប្រជុំលើកដំបូង នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២»

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន និងឯកឧត្ដម ដុង ជុន (Dong Jun)  រដ្ឋមន្ត្រីការពារជាតិចិន នឹងមានជំនួបជាមួយ ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកឧត្ដម ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា ក្នុងកិច្ចប្រជុំលើកដំបូង នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន នៅល្ងាចថ្ងៃទី២២ ខែមេសា ខាងមុខនេះ នៅក្នុងប្រទេសកម្ពុជា ដោយនឹងពិភាក្សាអំពីកិច្ចការសំខាន់មួយចំនួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងប្រាប់បណ្ដាញសារព័ត៌មាននៅក្នុងស្រុកមួយ, លោក ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនេះជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដែលធ្វើឡើងទៅតាមគោលការណ៍ឯកភាពគ្នា រវាងថ្នាក់ដឹកនាំកំពូលកម្ពុជា-ចិន ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតី ស៊ី ជិនពីង មកកាន់កម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥។

លោកបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំខាងលើនឹងមានការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខរវាងកម្ពុជា-ចិន ដោយក្នុងនោះវិស័យសន្តិសុខ អាចផ្ដោតទៅលើការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៉ីធឺណិតផងដែរ។

បើតាមអ្នកនាំពាក្យ, រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិចិន ក៏នឹងមានជំនួបសម្ដែងការគួរសម ជាមួយថ្នាក់ដឹកនាំកំពូលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នឹងយកឱកាសនេះបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ៕