ប្រធានរដ្ឋសភាម៉ាឡេស៊ី បានប្ដេជ្ញាថា បន្តលើកកម្ពស់ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ដើម្បីជំរុញទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី។នេះបើយោងតាមជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រជាមួយ លោក Tan Sri Dato’ Dr. Johari bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី នៅវិមានសន្តិភាព កាលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

នាឱកាសនោះ លោកប្រធានរដ្ឋសភាម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ម៉ាឡេស៊ី-កម្ពុជា។ លោកបន្តថា ទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី កំពុងស្ថិតក្នុងទិសដៅដ៏ត្រឹមត្រូវ និងបានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ហើយម៉ាឡេស៊ីនឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។
ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ សម្តេចធិបតី បានគូសរំលេចពីកំណើនគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបានបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្ដានុពលជាច្រើនទៀតក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។
តាមរយៈជំនួបខាងលើ សម្ដេចធិបតី និងលោកប្រធានរដ្ឋសភា ក៏បានបន្តពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន វិស័យពាណិជ្ជកម្ម និងការវិនិយោគ, សុខាភិបាល, ការអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ,ទេសចរណ៍ ,ថាមពល, បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត(AI)។
ទន្ទឹមគ្នានេះ ភាគីទាំងពីរ ក៏បានឯកភាពគ្នាលើសារៈសំខាន់នៃកិច្ចសហការ និងការបំពេញឱ្យគ្នាទៅវិញទៅមករវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមថ្មីៗប្រកបដោយប្រសិទ្ធភាពសំដៅរួមចំណែកដល់ការថែរក្សាសន្ដិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ថែមទៀត៕ អត្ថបទ៖ហ្សាលីន


