កម្ពុជា និងប្រទេស៦០ទៀត ចូលរួមវេទិកា “ហិរញ្ញវត្ថុអាស៊ី ឆ្នាំ២០២៦” ដើម្បីជំរុញពាណិជ្ជកម្មសកល

សង្គម​ និង​សេដ្ឋកិច្ច

មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមវេទិកា “ហិរញ្ញវត្ថុអាស៊ី ឆ្នាំ២០២៦” ជាមួយអ្នកធុរជន អ្នកជំនាញ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ មកពី ៦០ប្រទេស ដើម្បីរួមគ្នាជំរុញពាណិជ្ជកម្មសកលឱ្យកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិកា “ហិរញ្ញវត្ថុអាស៊ី ឆ្នាំ២០២៦” បានរៀបចំឡើងកាលថ្ងៃ ទី២៦ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងហុងកុង ប្រទេសចិន ក្រោមអធិបតីភាព លោក John KC Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមកពីជុំវិញពិភពលោក ថ្នាក់ដឹកនាំនៃតំបន់រដ្ឋបាលពិសេសហុងកុង ធុរជន អ្នកជំនាញ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ដែលមានអ្នកចូលរួមប្រមាណជាង ៤០០០នាក់ មកពី ៦០ប្រទេស។

លោក លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលបានទៅចូលរួមវេទិកាខាងលើ បានឱ្យដឹងថា វេទិកាដ៏មានសារៈសំខាន់នេះ រៀបចំឡើងចាប់ពីថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២៦ ក្នុងគោលបំណង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មក្នុងវិស័យហិរញ្ញវត្ថុ សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងមានកិច្ចពិភាក្សាដោយផ្តោតសំខាន់ទៅលើសេដ្ឋកិច្ចសកល ពាណិជ្ជកម្មអន្តរជាតិ វិស័យហិរញ្ញវត្ថុ និងការវិវត្តថ្មីៗនៃភូមិសាស្ត្រនយោបាយអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនៃការចូលរួមក្នុងកម្មវិធីនេះ លោករដ្ឋលេខាធិការ លីម ឡោកពិសិដ្ឋ ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុនៃតំបន់រដ្ឋបាលពិសេសហុងកុង, ប្រធានក្រុមប្រឹក្សាទេសចរណ៍ហុងកុង និងជាអតីតប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង និងរដ្ឋមន្រ្តីក្រសួងសេវាហិរញ្ញវត្ថុ និងរតនាគារ តំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីពង្រឹងទំនាក់ទំនង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទៅវិញទៅមករវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុងផងដែរ៕អត្ថបទ៖ហ្សាលីន