តើការអនុវត្តបទឈប់បាញ់មួយខែមកនេះសម្រេចបានលទ្ធផលអ្វីខ្លះ? តើរាជរដ្ឋាភិបាលកំពុងធ្វើអ្វីបន្ត?

សង្គម​ និង​សេដ្ឋកិច្ច

គិតចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ម្សិលមិញ រយៈពេលមួយខែបានកន្លងផុតទៅហើយ។ តើការអនុវត្តបទឈប់បាញ់រយៈពេលមួយខែកន្លងទៅនេះ សម្រេចបានលទ្ធផលអ្វីខ្លះ? ហើយតើរាជរដ្ឋាភិបាលកំពុងធ្វើអ្វីបន្តទៀត?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ បានលើកឡើងថា បទឈប់បាញ់គឺជាគោលបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជាដើម្បីបញ្ចៀសការស្លាប់ ការរងរបួស និងការខូចខាតផ្សេងទៀត ដែលកើតចេញពីការប្រយុទ្ធគ្នាដោយអាវុធ ពីព្រោះប្រជាជនកម្ពុជាបានឆ្លងកាត់ឆ្អែតឆ្អន់ និងបានស្គាល់ច្បាស់ណាស់នូវរសជាតិសង្គ្រាម។ នេះក៏ជាហេតុផលដែលកម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត ដែលភាគីទាំងពីរបានឯកភាពជាមួយគ្នាកាលពីពេលកន្លងទៅ ក្នុងនោះក៏មានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ផងដែរ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តថា ក្រៅពីបទឈប់បាញ់ដែលត្រូវបានចាត់ទុកថា ជាសមិទ្ធផលធំជាងគេបំផុត សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏បានឈានដល់ការដោះលែងយោធិនកម្ពុជា១៨ នាក់ ឱ្យមានសេរីភាពបានវិលត្រឡប់មកជួបជុំគ្រួសារវិញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ រយៈពេលមួយខែចុងក្រោយនេះដែរ ជនភៀសសឹកជាង ៨០% ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦៤ម៉ឺននាក់ ក៏បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។ នៅសល់ជនភៀសសឹកប្រមាណជា ១០ម៉ឺននាក់ទៀត កំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ។ ត្រង់នេះអ្នកនាំពាក្យបញ្ជាក់ថា ជនភៀសសឹកទាំងអស់ ទាំងអ្នកដែលបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ទាំងអ្នកដែលកំពុងបន្តរស់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ បានទទួលការយកចិត្តទុកដាក់មើលថែទាំគ្រប់បែបយ៉ាងពីរាជរដ្ឋាភិបាល។

បទឈប់បាញ់រយៈពេលមួយខែនេះ ក៏បានផ្តល់ឱកាសដល់ក្រុមការងារចំពោះកិច្ចដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល បានចុះបំពេញការងារដើម្បីវាយតម្លៃពីផលប៉ះពាល់លើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលរងការបំផ្លិចបំផ្លាញដោយការវាយប្រហាររបស់ទាហានថៃ ដើម្បីជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលចាត់វិធានការអន្តរាគមន៍បន្ទាន់ ដើម្បីស្តារជីវភាពប្រជាពលរដ្ឋភៀសសឹក និងស្តារហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ ដែលរងការខូចខាតឱ្យបានឆាប់បំផុតផងដែរ។ ស្របពេលជាមួយគ្នានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រុមសម្របសម្រួលនៃព្រះរាជាណាចក្រកម្ពុជា ក៏បានដឹកនាំអង្គទូត អង្គការអន្តរជាតិ និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីបានឃើញការពិតអំពីស្ថានភាពជាក់ស្តែងនៅក្នុងតំបន់រងគ្រោះ និងពិនិត្យផ្ទៀងផ្ទាត់ និងរាយការណ៍អំពីផលប៉ះពាល់ដែលកើតចេញពីការបាញ់ផ្លោង និងទម្លាក់គ្រាប់បែករបស់យោធាថៃលើទីតាំងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា។

ក្នុងអំឡុងពេលនេះដែរ រាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំនៃយើងរួមទាំងក្រសួង ស្ថាប័ន ដែលជាសេនាធិការទាំងអស់បានបំពេញការងារការទូតយ៉ាងសកម្ម ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ ក្រសួង ស្ថាប័នពាក់ព័ន្ធនានាដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត និងដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតចំពោះបញ្ហានេះ ហើយបានតវ៉ាតាមគ្រប់ទម្រង់ប្រឆាំងនឹងសកម្មភាព ដែលធ្វើឱ្យប្រែប្រួលដល់បរិយាកាសសន្តិសុខនៅក្នុង ឬជុំវិញតំបន់ជនស៊ីវិល ការពង្រឹងការគ្រប់គ្រងយោធា ឬបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង។

ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបាននិងកំពុងជំរុញភាគីថៃឱ្យអនុវត្តតាមស្មារតីចំណុចទី៣ នៃសេចក្តីប្រកាសរួមដែលចែងថា «រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន…»។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជាថ្មីថា ក្នុងស្មារតីតម្កល់សន្តិភាពជាអាទិភាពខ្ពស់បំផុត កម្ពុជាបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ជាមួយគ្នានេះ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕