ដំណើរទស្សនកិច្ចប្រធានព្រឹទ្ធសភាប៉ាគីស្ថាននៅកម្ពុជា នឹងរឹតចំណងមិត្តភាពទ្វេភាគីកាន់តែជិតស្និទ្ធ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុកថា ដំណើរទស្សនកិច្ចផ្លូវការរបស់ ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅកម្ពុជា នឹងជំរុញដល់ការរឹតចំណងមិត្តភាពទ្វេភាគីកាន់តែជិតស្និទ្ធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញពិសាអាហារពេលព្រឹកជាមួយ លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសលោក និងគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបអាហារពេលព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានទទួលយកសំណើធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) តាមសំណើរបស់ លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ដែលគ្រោងធ្វើនៅកំឡុងខែសីហា ឬ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ នៅកម្ពុជា។

សូមជម្រាបថា តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅកម្ពុជា ត្រូវបានរដ្ឋាភិបាលកម្ពុជា ថានឹងជំរុញការរឹតចំណងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការសភាកម្ពុជា-ប៉ាគីស្ថានឱ្យកាន់តែជិតស្និទ្ធ និងជាពិសេស រួមចំណែកដល់ការលើកកម្ពស់របៀបវារៈការទូតសភារបស់កម្ពុជា។ជា ពិសេស ជួយកសាងនិងរក្សាសន្តិភាព ជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម៕អត្ថបទ៖ហ្សាលីន