សម្តេចតេជោ ផ្តាំផ្ញើបងប្អូនទាំងអស់បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យរឹងមាំ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ការផ្តាំផ្ញើនេះ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយពលរដ្ឋដែលជាថ្នាក់ដឹកនាំសាខាបក្ស និងយុវជនគណបក្សប្រជាជនកម្ពុជា មកបណ្តារដ្ឋនានានៅតំបន់ឆ្នេរខាងលិច នៃសហរដ្ឋអាមេរិក កាលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងការខិតខំប្រឹងប្រែងរបស់បងប្អូន ថ្នាក់ដឹកនាំសាខាបក្ស និងយុវជនគណបក្សប្រជាជនកម្ពុជានៅតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិកទាំងអស់ ទោះបីជាត្រូវរស់នៅឆ្ងាយពីមាតុភូមិ ប៉ុន្តែនៅតែរក្សាបាននូវមនសិការស្នេហាជាតិ និងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ។

ទន្ទឹមគ្នានេះ សម្តេចតេជោ ក៏បានផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋផ្សេងទៀតតាមរយៈសកម្មភាពមនុស្សធម៌ និងការងារសង្គមផ្សេងៗ។

តាមរយៈជំនួបសំណេះសំណាលខាងលើនេះដែរ សម្តេចតេជោ ក៏បានអរគុណ ថ្នាក់ដឹកនាំសាខាបក្ស យុវជនបក្ស ដែលបានជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅតាមព្រំដែន តាមរយៈការយកជាអំណោយជារបស់របរប្រើប្រាស់ និងថវិកាតិចក្តី ច្រើនក្តីរបស់ពួកគាត់ មកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន ដែលនេះគឺជាការបង្ហាញអំពីការ ឈឺឆ្អាល របស់ពួកគាត់ចំពោះ បងប្អូនភៀសសឹក បើទោះបីជាពួកគាត់រស់នៅឯនាយសមុទ្រក្តី ក៏ប៉ុន្តែពួកគាត់គឺស្ថិតនៅជាប់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋជាតិសាសន៍យើងជានិច្ច៕អត្ថបទ៖ហ្សាលីន