ហ្វីលីពីន ត្រៀមជាស្រេចបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ

សង្គម​ និង​សេដ្ឋកិច្ច

អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន លោកនាយឧត្តមសេនីយ៍ Romeo S. Brawner Jr. បានប្រកាសថា ប្រទេសហ្វីលីពីនត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ។ការប្រកាសនេះ បានធ្វើឡើងនៅក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាជំនួបនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជូនអគ្គមេបញ្ជាការ និងគណៈប្រតិភូ នូវការវិវត្តថ្មីៗ នៃសភាព ការណ៍ព្រំដែន កម្ពុជា-ថៃ និងបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ ព្រមទាំងច្បាប់អន្តរជាតិ។ កម្ពុជាប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពនូវកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

បន្ថែមលើនេះ, សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងជឿជាក់ថា ក្រោមការដឹកនាំរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ក្រុម AOT នឹងបន្តចូលរួមចំណែកយ៉ាងសកម្មថែមទៀតក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី។

ជាការឆ្លើយតប អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានលើកឡើងថា ហ្វីលីពីនបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហានេះ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តដឹកនាំក្រុម AOT ក្នុងគោលបំណងសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនដោយអព្យាក្រឹត្យ សំដៅនាំមកនូវសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូលផងដែរ។

អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ក៏បានរំលឹកឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែង រវាងប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ព និងកងទ័ព។ ក្នុងន័យនេះ, លោកបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកងទ័ព រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ទន្ទឹមគ្នានេះ សម្ដេចធិបតី ក៏បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ទាំងផ្នែកកងទ័ពជើងគោក ជើងទឹក និងជើងអាកាសផងដែរ៕ អត្ថបទ៖ ហ្សាលីន