រដ្ឋមន្រ្តីសេដ្ឋកិច្ច ជំរុញឱ្យយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងអំពើរត់គេចពន្ធ និងការនាំចូលទំនិញហាមឃាត់នានា

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អប្រសើរលើការប្រមូលចំណូលពន្ធ និងលើការដ្ឋានការងារផ្សេងទៀត ខណៈឯកឧត្តម ក៏បានជំរុញឱ្យយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងអំពើរត់គេចពន្ធ និងការនាំចូលទំនិញហាមឃាត់នានាផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជំរុញនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គនាយកដ្ឋានគោលនយោបាយ អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៅទូទាំងប្រទេស កាលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរលើការប្រមូលចំណូល និងលើការដ្ឋានការងារផ្សេងទៀតរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ឯកឧត្តមបន្តថា ការទទួលបានលទ្ធផលល្អ បើទោះបីជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនរួមមាន ការបិទព្រំដែនគោករវាងកម្ពុជា-ថៃចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២៥ មក, ភាពមិនប្រាកដប្រជាដ៏ស្រួចស្រាវនៃស្ថានភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចជាសកល, ការប្រកាសដាក់ពន្ធបដិការដោយសហរដ្ឋអាម៉េរិកកាលពីដើមត្រីមាសទី២ ឆ្នាំ២០២៥, ការបន្តអូសបន្លាយនូវសង្គ្រាមរុស្សី-អ៊ុយក្រែន និងភាពតានតឹងនៃភូមិសាស្ត្រនយោបាយនានា ជាដើម។

បន្ថែមពីនេះ ឯកឧត្ដម ក៏បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំនិងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងនៅតែបន្តគាំទ្រដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។

ជាថ្មីម្តងទៀត ដើម្បីបង្កើនប្រសិទ្ធភាពប្រមូលចំណូលនិងការងារផ្សេងទៀត បន្ថែមលើផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឯកឧត្ដម បានផ្ដល់ការណែនាំសំខាន់ៗសម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ នូវការងារមួយចំនួនដែលរួមមាន៖ ការយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងអំពើរត់គេចពន្ធ និងការនាំចូលទំនិញហាមឃាត់នានា, ការពង្រឹងអនុលោមភាពពាក់ព័ន្ធវិធានដើមកំណើតចំពោះផលិតផលនាំចេញ, ការបន្តជំរុញធ្វើបរិវត្តកម្មឌីជីថលក្នុងកិច្ចប្រតិបត្តិការគយ ដោយកំណត់ចក្ខុវិស័យឱ្យរដ្ឋបាលគយកម្ពុជាអនុវត្តដោយពេញលេញនូវប្រព័ន្ធស្វ័យប្រវត្តិកម្មនាពេលខាងមុខ, ការបង្កើនចំនួនក្រុមហ៊ុនជាសមាជិកប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO), ការបន្តយកចិត្តទុកដាក់អនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ពិសេសវិធានការពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងកែលម្អបរិយាកាសវិនិយោគ, ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តយន្តការលើកទឹកចិត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs), និងការពង្រឹងប្រសិទ្ធភាពការងារ និងលើកកម្ពស់អភិបាលកិច្ច ជាដើម៕ អត្ថបទ៖ហ្សាលីន