គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ សម្រេចបានជាង២០%ហើយ

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ គម្រោងសម្រេចការងារ ២០,២៧% រួមមានការងារតំណភ្ជាប់តាមខ្នងផ្ទះ។ នេះបើតាមការឱ្យដឹងពី លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ ដែលដឹកនាំដោយ ប៉េង លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ នោះបានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ បែងចែកជា២ ផ្នែករួមមាន៖

១/. ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចម្រោះតាមបែបធម្មជាតិ (Waste Stabilization Pond) ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ០៧កន្លែង និងបណ្តាញលូទឹកកខ្វក់ ប្រវែងសរុប ១២៥,៣ គីឡូម៉ែត្រ ព្រមទាំងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់

២/- ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់ រួមមាន៖ ការសាងសង់បណ្តាញលូរំដោះទឹកភ្លៀង ដោយដាក់លូប្រអប់ និងលូមូលតាមបណ្តោយផ្លូវជាតិលេខ២១ ចាប់ពីម្តុំរង្វង់មូលតាខ្មៅ ប្រវែង ៥គីឡូម៉ែត្រ និងការងារសាងសង់ និងស្ដារស្ថានីយបូមទឹកកខ្វក់ ព្រមទាំង បណ្តាញលូរំដោះទឹកភ្លៀងក្នុងក្រុងតាខ្មៅ។

គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ គម្រោងសម្រេចការងារ ២០,២៧% រួមមានការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់សេវាគ្របដណ្ដប់ ៥សង្កាត់ ក្នុងក្រុងតាខ្មៅ រួមមាន សង្កាត់កំពង់សំណាញ់ សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ស្មើនឹងផ្ទៃដីប្រមាណ ៩៧៦ហិកតា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានសមត្ថភាពចម្រោះ ១២០០០ម៣/ថ្ងៃ តាមវិធីសាស្ត្រអាងចម្រោះតាមបែបធម្មជាតិ (Waste Stabilization Pond) មានទីតាំងនៅក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ៕