នៅលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន ផ្ដាំសួរសុខទុក្ខអតីតនាយករដ្ឋមន្រ្ដីសិង្ហបុរី លី សៀនឡុង និងអតីតមេដឹកនាំផ្សេងទៀត ខណៈមេដឹកនាំអាស៊ានកាលពី១០ឆ្នាំមុន ពិតជាមានការស្រឡាញ់រាប់អានគ្នាខ្លាំងណាស់។

ការផ្ញើសារផ្ដាំសួរសុខទុក្ខរបស់សម្ដេចតេជោ នាពេលនេះ បន្ទាប់ពីបានទទួលរូបថតមួយសន្លឹក ដែលឯកឧត្តម លី សៀនឡុង អតីតនាយករដ្ឋមន្ត្រីសិង្ហបុរីបង្ហោះរំលឹកខួប១០ឆ្នាំនៃការប្រជុំអាស៊ាន-អាមេរិក។
សម្ដេចតេជោ បានសរសេររៀបរាប់ដូច្នេះថា៖«ខ្ញុំទទួលបានរូបថតមួយសន្លឹកដែលឯកឧត្តម លី សៀនឡុង អតីតនាយករដ្ឋមន្ត្រីសិង្ហបុរីបង្ហោះរំលឹកខួប១០ឆ្នាំនៃការប្រជុំអាស៊ាន-អាមេរិក ដែលអតីតប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ាធ្វើជាម្ចាស់ផ្ទះ»។
សម្ដេចតេជោបានថ្លែងថា៖«ខ្ញុំនៅចាំបានថាពេលនោះឯកឧត្តម លី សៀនឡុងជាអ្នកថត និងបង្ហោះលើគណនីFacebook របស់គាត់។ និយាយតាមត្រង់ពេលនោះ មេដឹកនាំអាស៊ានពិតជាមានការស្រឡាញ់រាប់អានគ្នាខ្លាំងណាស់»។

សម្ដេចតេជោ បានលើកឡើងថា៖« ក្នុងចំណោមនាយករដ្ឋមន្ត្រីទាំង៤នាក់នេះខ្ញុំមានអាយុតិចជាងគេនិងឯកឧត្តម ថោង លន់(ឡាវ) អាយុច្រើនជាងគេ»។
ជាថ្មីម្តងទៀត សម្ដេចបានផ្តាំសួរសុខទុក្ខថ្នាក់ដឹកនាំទាំង៣រូបនិងសូមអរគុណឯកឧត្តម លី សៀនឡុង ដែលបានចែករំលែក រូបថតនេះដល់សម្ដេច និងមេដឹកនាំបណ្ដាប្រទេសដទៃទៀត។
សូមជម្រាបដែរថា តាមរយៈរូបថតដែលបានចែករំលែកដោយឯកឧត្តម លី សៀនឡុង អតីតនាយករដ្ឋមន្រ្ដីសិង្ហបុរី គឺមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា, អតីតនាយករដ្ឋមន្រ្ដីវៀតណាម និងនាយករដ្ឋមន្រ្ដីឡាវ៕ អត្ថបទ៖ហ្សាលីន


