កម្ពុជា-អាម៉េរិក នឹងខិតខំប្រឹងប្រែងជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត សំដៅឈានទៅពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែប្រសើរឡើង។

នេះតាមជំនួបពិភាក្សាការងាររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាមួយឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ក្នុងឱកាសនៃការដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។

នៅក្នុងជំនួបខាងលើ សម្ដេចធិបតី និងឯកអគ្គរដ្ឋទូត Jamieson Greer ក៏បានសម្ដែងនូវសុទិដ្ឋិនិយមថា ក្រោមការខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ, ទំនាក់ទំនង កម្ពុជា-អាម៉េរិក នឹងកាន់តែប្រសើរឡើង ជាពិសេសជំរុញឱ្យមានកំណើនពាណិជ្ជកម្មទ្វេភាគី និងកំណើនការវិនិយោគរបស់សហរដ្ឋអាម៉េរិកនៅកម្ពុជា។
ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរអំពីវិស័យសក្កានុពលនានាដែលប្រទេសទាំងពីរអាចនឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីធានាបាននូវឧត្តមប្រយោជន៍សម្រាប់ប្រទេសទាំងពីរ និងដំណោះស្រាយលើបញ្ហាសេសសល់ ដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យរំហូរពាណិជ្ជកម្មទ្វេភាគី និងការធ្វើនិយោគរបស់សហរដ្ឋអាម៉េរិកមកកម្ពុជាកាន់តែរីកចម្រើបន្ថែមទៀត។
ជាមួយគ្នានោះ សម្ដេចធិបតីបានបញ្ជាក់ដែរថា កម្ពុជានឹងបន្តខិតខំប្រឹងប្រែងដើម្បីបញ្ចប់នូវការបំពេញនិតីវិធីនានា សំដៅជំរុញការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងប្រទេសទាំងពីរ សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងពីរ។
សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ ឯកអគ្គរដ្ឋទូត Jamieson Greer ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានជំរុញឱ្យទំនាក់ទំនងទ្វេភាគី អាម៉េរិក-កម្ពុជា កាន់តែរីកចម្រើនជាលំដាប់ ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម។ ជាក់ស្ដែង, ពាណិជ្ជកម្មទ្វេភាគី អាម៉េរិក-កម្ពុជា បន្តកើនឡើងប្រមាណជិត ២៩% ក្នុងឆ្នាំ២០២៥ បើធៀបនឹងទំហំពាណិជ្ជទ្វេភាគីក្នុងឆ្នាំ២០២៤ ស្របពេលដែលការវិនិយោគរបស់សហរដ្ឋអាម៉េរិកនៅកម្ពុជាក៏កើនឡើងគួរឱ្យកត់សម្គាល់ ដែលនេះជាផ្លែផ្កានៃការជឿទុកចិត្តនៅក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕ អត្ថបទ៖ហ្សាលីន


