ក្រសួងបរិស្ថាន ប្រកាសថ្កោលទោសចំពោះការចាក់ដី និងទន្ទ្រានដីព្រៃកោងកាងយកជាកម្មសិទ្ធិ ក្នុងភូមិតាបែន ខេត្តកោះកុង ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងបរិស្ថាន បានប្រកាសថ្កោលទោសចំពោះបុគ្គលដែលបានគប់គិតគ្នាធ្វើសកម្មភាពចាក់ដីនិង ទន្ទ្រានដីព្រៃកោងកាងយកជាកម្មសិទ្ធិ ក្នុងភូមិតាបែន ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ស្ថិតនៅ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ដែលជាតំបន់ការពារធម្មជាតិ និងជាទ្រព្យសម្បត្តិរបស់រដ្ឋ ហើយ សកម្មភាពនេះជាអំពើខុសច្បាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមលិខិតថ្កោលទោសរបស់ក្រសួងបរិស្ថាន ចុះថ្ងៃទី២៣​ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ថា យោងតាមមាត្រា៣៨៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រង់ចំណុច គ បានបញ្ញត្តិថា ការកាប់ ផ្តួលរំលំ គ្រៀវ កាប់បំផ្លាញដើមឈើ បំពុល ឬគាស់រម្លើងគល់ឈើ និងត្រង់ចំណុច ឍ បានបញ្ញត្តិថា ការចាក់លុប ឬចាក់បំពេញដី ដែនទឹក ផ្ទៃរងទឹកភ្លៀង ផ្លូវទឹក បឹងធម្មជាតិ ដីសើម តំបន់ទំនាប ទឹកផុសក្រោមដី ឬ អាងទឹក ដោយគ្មានការអនុញ្ញាត ត្រូវបានហាមឃាត់ក្នុងតំបន់ការពារធម្មជាតិ។ មាត្រា៣៨៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ បានបញ្ញត្តិថា បុគ្គលពុំមានសិទ្ធិផ្តល់ការអនុញ្ញាត ទោះដោយផ្ទាល់ក្តីឬដោយប្រយោលក្តីឱ្យរានដីព្រៃ កាន់កាប់ដី កាប់ដើមឈើ ចាប់សត្វព្រៃគ្រប់ប្រភេទ ឬ ធ្វើសកម្មភាពគ្រប់យ៉ាង ដើម្បីប្រមូលផល អនុផលធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ ដែលផ្ទុយ នឹងបទប្បញ្ញត្តិនៃក្រមនេះ។

ក្រសួងបរិស្ថាន បានបន្តថា ការគប់គិតគ្នាធ្វើសកម្មភាពចាក់ដី និងទន្ទ្រានដីព្រៃកោងកាងយកជាកម្មសិទ្ធិ ដោយពុំមានការអនុញ្ញាតពីរាជរដ្ឋាភិបាលត្រូវបានចាត់ទុកថាជា បទល្មើសធនធានធម្មជាតិថ្នាក់ទី២ដែលត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ១០០ ០០០ ០០០ (មួយរយលាន) រៀល ទៅ ៥០០ ០០០ ០០០ (ប្រាំរយលាន) រៀល ចំពោះបុគ្គលដែលប្រព្រឹត្តសកម្មភាពល្មើសនឹងចំណុច ដ នៃ មាត្រា៨៥០ និងជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥(ប្រាំ)ឆ្នាំ ទៅ ១០(ដប់) ឆ្នាំ ចំពោះបុគ្គលដែលប្រព្រឹត្តសកម្មភាពល្មើសនឹងចំណុច ច នៃមាត្រា៨៥១៕