លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ចំនួនអ្នកមានការងារធ្វើក្នុងប្រទេសកើនឡើងដល់ប្រមាណ ១០,៧ លាននាក់ ក្នុងឆ្នាំ២០២៥ ឬកើនឡើងប្រមាណ ៨០ម៉ឺននាក់ ធៀបឆ្នាំ២០២៤ ដែលក្នុងនោះ វិស័យកសិកម្មមានកម្លាំងពលកម្មប្រមាណ ២,៨លាននាក់ វិស័យឧស្សាហកម្មប្រមាណ ៣លាននាក់ និងសេវាកម្មប្រមាណ ៤,៩ លាននាក់។

លោកបានឱ្យដឹងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦” របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ” នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។
លោកក៏បានបន្តថា រីឯចំនួនសហគ្រាសចុះបញ្ជីមានការកើនឡើងដល់ចំនួន ៤៦ ៦៤៩សហគ្រាស (កើន ១ ៨៥១) ដោយមានកម្មករនិយោជិតសរុបប្រមាណ ២,២លាននាក់ (កើន ៤០១,៤៧៩នាក់)។

ទន្ទឹមនេះ ក្រសួងក៏បានដាក់ចេញនូវវិធានការ ក្នុងការដោះស្រាយការងារជូនបងប្អូនពលករតាមរយៈការពង្រឹងបន្ថែមប្រព័ន្ធឆ្លើយតបបន្ទាន់១២៩៧ ដោយមានអ្នកប្រចាំការ ៧ថ្ងៃ/សប្តាហ៍ និង២៤ម៉ោង/ថ្ងៃ និងយុទ្ធនាការ “ខ្មែរជួយរកការងារឱ្យខ្មែរ”, ការដាក់ចេញយុទ្ធនាការផ្សព្វផ្សាយនៅតាមទីសាធារណៈ និងតាមដងផ្លូវ ដោយបានដំឡើងប៉ាណូផ្សព្វផ្សាយ ការដាក់ដំណើរការប្រព័ន្ធស្វែងរកការងារតាមតេឡេក្រាម, ការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយនាំយកឱកាសការងារ និងវត្តមានតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ ទៅដល់មូលដ្ឋានឃុំ សង្កាត់ របស់បងប្អូនអតីតពលករផ្ទាល់តែម្តង។
ទន្ទឹមនឹងនេះ គិតត្រឹមឆ្នាំ២០២៥ មានបងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ សរុបប្រមាណ ៦២ម៉ឺននាក់ បានទទួលការងារធ្វើ ដែលជាប្រែក្លាយបញ្ហាប្រឈមទៅជាការបំពេញតម្រូវការកម្លាំងពលកម្មក្នុងប្រទេស ជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ការសម្រេចបាននូវលទ្ធផលការងារដែលទទួលបានការសាទរពីវិស័យឯកជន កម្មករនិយោជិត ប្រជាពលរដ្ឋ និងដៃគូនានារបស់ក្រសួងនាពេលនេះ លោក ហេង សួរ បញ្ជាក់ថាគឺជាការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ និងបុរេសកម្ម ខណៈក្រសួងបានផ្តល់នូវសេវាការងារជូនប្រជាពលរដ្ឋ វិស័យឯកជន និងបងប្អូនកម្មករនិយោជិត លើកកម្ពស់លក្ខខណ្ឌការងារ និងសុខដុមនីយកម្មវិជ្ជាជីវៈ អនុលោមតាមច្បាប់ស្ដីពីការងារ, ដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ និងអន្តរាគមន៍ដោះស្រាយកូដកម្ម បាតុកម្មក្នុងវិស័យការងារប្រកបដោយប្រសិទ្ធភាពខ្ពស់៕


