បន្ដលើកកម្ពស់ការអប់រំនៅកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធាន «មូលនិធិអប់រំកុមារ» និងក្រុមការងារយុវជនស្ម័គ្រចិត្ត នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ នឹងដឹកនាំផ្ដល់សម្ភារៈសិក្សាដល់សិស្សានុសិស្សនៅសាលាដូង គីរីរម្យ ចំនួនប្រមាណ ១៥០នាក់។

តាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួន កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានឱ្យដឹងថា៖ «មូលនិធិអប់រំកុមារ វិលមកជួបបងប្អូនវិញហើយ។ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ មូលនិធិ នឹងផ្ដល់សម្ភារៈសិក្សាដល់សិស្សនៅសាលាដូង គីរីរម្យ ដល់សិស្សចំនួន ១៥០នាក់ តាមរយៈសិស្សបឋមសិក្សាសាលាអន្តរជាតិអ៊ីសវេស។»
ជាមួយនឹងបេសកកម្មជួយដល់កុមារតូចៗ ដែលស្រលាញ់ការសិក្សារៀនសូត្រ ប៉ុន្ដែខ្វះលទ្ធភាព លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏បានអញ្ជើញបងប្អូនសប្បុរសជនចូលរួមជាមូលនិធិដោយសទ្ធាជ្រះថ្ លាផងដែរ។
គួរបញ្ជាក់ផងដែរថា «មូលនិធិអប់រំកុមារ» បានបង្កើតឡើងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ និងចំណាយថវិកាផ្ទាល់របស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ អមជាមួយនឹងការចូលរួមពីសប្បុរសជននានា ដើម្បីជួយដល់កុមារតូចៗ ដែលស្រលាញ់ការសិក្សារៀនសូត្រ ប៉ុន្តែប្រឈមនឹងការបោះបង់ការសិក្សា ដោយសារតែមិនមានលទ្ធភាពក្នុងការបន្តការសិក្សារៀនសូត្រ។
«មូលនិធិអប់រំកុមារ» មានគោលដៅចង់ឱ្យកុមាដែលស្រលាញ់ការសិក្សារៀនសូត្រ អាចមានលទ្ធភាពរៀនសូត្របានយ៉ាងហោចណាស់ត្រឹមថ្នាក់ទី១២ ហើយប្រសិនជាកុមានោះខ្វះលទ្ធភាពបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនោះមូលនិធិនឹងព្យាយាមស្វែងរកអាហាររូបករណ៍ដល់កុមារដែលស្រលាញ់ការសិក្សាទាំងនោះថែមទៀត។
ប្រសិនបងប្អូនសប្បុរសជន ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងសប្បុរសជន ដែលមានបំណងចង់ចូលរួមបរិច្ចាគជួយកុមារខ្វះខាត ក្នុងវិស័យអប់រំ អាចទំនាក់ទំនងទៅ ហ្វេសប៊ុកផេក «មូលនិធិអប់រំកុមារ» ឬលេខទូរស័ព្ទ 078 699 299 ឬក៏គណនី ABA: 007293177 ៕









