ក្នុងដំណើរទស្សនកិច្ចឈ្វេងយល់ពីសក្តានុពលកសិកម្មនៅភូមិភាគឦសាន កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ លោក ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានលើកឡើងថា កាហ្វេ និងកាកាវ ជាដំណាំយុទ្ធសាស្ត្រថ្មីសម្រាប់ភូមិភាគឦសាន និងលើកទឹកចិត្តឱ្យមានការបណ្តុះបណ្តាលបច្ចេកទេសកម្រិតខ្ពស់។

លោកបញ្ជាក់ថា បច្ចុប្បន្នផលិតកម្មកាហ្វេ ក្នុងខេត្តមណ្ឌលគិរី អាចឆ្លើយតបបានត្រឹមតែប្រមាណ ១០% ប៉ុណ្ណោះនៃតម្រូវការទីផ្សារសរុបក្នុងប្រទេស។ នេះគឺជាសញ្ញាវិជ្ជមានដែលបង្ហាញពីកាលានុវត្តភាពដ៏ធំធេងសម្រាប់កសិករ និងវិនិយោគិន ក្នុងការបង្កើនផ្ទៃដីដាំដុះកាហ្វេ និងកាកាវ ដើម្បីកាត់បន្ថយការនាំចូល។

ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់នៅចម្ការកាហ្វេ ភីដា (PIDA Coffee Farm) ដែលជាគំរូនៃជោគជ័យក្នុងវិស័យកាហ្វេនៅខេត្តមណ្ឌលគិរី លោកក៏បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ជាមួយ PIDA Coffee Farmដើម្បីរៀបចំវគ្គបណ្តុះបណ្តាលជំនាញឯកទេសកាហ្វេ។ ជំរុញការស្រាវជ្រាវ និងផលិតពូជកាហ្វេដែលមានគុណភាពខ្ពស់ក្នុងស្រុក ដើម្បីផ្តល់ជូនកសិករនូវពូជដែលផ្តល់ទិន្នផលខ្ពស់ និងធន់នឹងអាកាសធាតុ។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ក្នុងការប្រែក្លាយតំបន់ភូមិភាគឦសាន ឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់។ ក្នុងន័យនេះ កាហ្វេ និងកាកាវ គួរត្រូវបានបញ្ចូលជាដំណាំយុទ្ធសាស្ត្របន្ថែមលើដំណាំដែលមានស្រាប់ដូចជា ចេក ស្វាយចន្ទី កៅស៊ូ និងដំឡូងមី។
កាហ្វេមណ្ឌលគិរី ត្រូវបានទទួលស្គាល់ថាជាដំណាំកសិកម្មមួយប្រភេទដែលមានកេរ្តិ៍ឈ្មោះល្បី ដោយសារតែគុណភាព និងរសជាតិទទួលស្គាល់ពីពលរដ្ឋទូទៅ។ បច្ចុប្បន្ននេះ ដំណាំកាហ្វេ គឺជាប្រភេទដំណាំ ដែលកំពុងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារ ទាំងនៅក្នុងនិងក្រៅប្រទេស៕



