សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ មានព្រះរាជបន្ទូលថា ស្ត្រីទាំងអស់នៅទូទាំងប្រទេស បានកំពុងបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការងារអភិវឌ្ឍន៍គ្រួសារ សេដ្ឋកិច្ចនិងសង្គមជាតិ។

នេះបើយោងតាមព្រះរាជសារ របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ២០២៦ ដែលផ្សាយចេញនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ព្រះវររាជមាតាជាតិខ្មែរ យល់ឃើញថា រាជរដ្ឋាភិបាល នាអាណត្តិកន្លងមកក៏ដូចនាពេលបច្ចុប្បន្ន នៅតែបន្តវិនិយោគលើការលើកកម្ពស់សមភាព យេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្រជាតិក្នុង គ្រប់វិស័យ សំដៅធានានូវគុណតម្លៃរបស់ស្ត្រីនៅក្នុងសង្គម ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ សំដៅពង្រឹងភាពជាពលរដ្ឋ រស់នៅក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និង បរិយាបន្ន ដែលក្នុងនោះ ស្ត្រីគឺជាស្នូល»។

សម្តេចម៉ែ សូមគាំទ្រទាំងស្រុងលើយុទ្ធសាស្ត្រដែលបានដាក់ចេញនេះ ដើម្បីឱ្យស្ត្រីនិងក្មេងស្រីគ្រប់រូប កាន់តែទទួលបាននូវកាលានុវត្តភាពពេញលេញ ប្រកបដោយសមធម៌ សមភាព ក្នុងគ្រប់ទិដ្ឋភាព ទាំងនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦នេះ ហ្លួងម៉ែ សូមសរសើរស្ត្រីទាំងអស់នៅទូទាំងប្រទេសដែលបានកំពុងបន្តចូលរួមចំណែកយ៉ាង សកម្មក្នុងការងារអភិវឌ្ឍន៍គ្រួសារ សេដ្ឋកិច្ចនិងសង្គមជាតិ សហគមន៍និងសង្គម ព្រមទាំងបានរួមចំណែកយ៉ាង អស្ចារ្យក្នុងវិស័យការពារជាតិ ជាពិសេសក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលធ្វើឱ្យព្រះ រាជាណាចក្រកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ក្នុងអាស៊ាន និងលេខ១៤ក្នុងពិភពលោក ក៏ដូចរួមចំណែក យ៉ាងសកម្មក្នុងបេសកកម្មបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រកបដោយភាពក្លាហាន។
ជាថ្មីម្តងទៀត សម្តេចម៉ែ ក៏សូមសរសើរ និងគាំទ្រក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី គណៈកម្មាធិការជាតិលើកកម្ពស់ សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ និងវិស័យឯកជនទាំងអស់ដែលបាន និងកំពុងបន្តខិតខំប្រឹងប្រែងជំរុញការអនុវត្តនូវបេសកកម្មដ៏ថ្លៃថ្លា ដើម្បីស្ត្រី និងក្មេងស្រីឱ្យបានទទួលនូវកាលានុវត្ត ភាព និងសក្តានុពលពេញលេញ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយសមភាព សមធម៌ និង បរិយាបន្ន៕ អត្ថបទ៖ហ្សាលីន

