ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានប្រមាណ៦១,៤៧%ហើយ

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានវឌ្ឍនភាពការងារប្រមាណ៦១,៤៧%ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈវីដេអូរៀបរាប់ពីសមិទ្ធផលស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ បាន​ឱ្យដឹងថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចវឌ្ឍនភាពការងារបានប្រមាណ៦១,៤៧%ហើយ។ ក្នុងនោះមានដូចជា ផ្នែកគ្រឹះស្ពាន ១០០% រចនាសម្ព័ន្ធក្រោមស្ពាន ១០០% និងបណ្តាញផ្លូវតភ្ជាប់សម្រេចបាន៤០%ជាដើម ដែលឈានទៅសម្រេចបានតាមផែនការគ្រោងទុក។

សូមជម្រាបថា គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវបានបើកការដ្ឋានសាងសង់កាលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

នៅពេលសាងសង់រួច ស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ៕