រាជធានីភ្នំពេញ បានត្រៀមទីតាំងសំរាប់រៀបចំ «ភូមិហ្វ្រង់កូហ្វូន» (Village Francophone) ដ៏ធំ និងមានពន្លាសម្រាប់ប្រទេស និងអង្គការជាតិ និងអន្តរជាតិច្រើនជាង១០០ ចូលរួម ដែលជាព្រឹតិ្តការណ៍អមមួយក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នាខែវិច្ឆិកាខាងមុខ។

កាលពីថ្ងៃទី៤ ខែមីនា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោកស្រី អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ (ព្រឹត្តការណ៍អមកិច្ចប្រជុំកំពូល) រួមជាមួយថ្នាក់ដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក លុយ ដាវីត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំសាធារណរដ្ឋបារាំង លោក-លោកស្រីជាមន្រ្តីជំនាញពីក្រសួងពាក់ព័ន្ធ តំណាងអាជ្ញាធរដែនដី និងកងកម្លាំង បានអញ្ជើញអម លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ចុះត្រួតពិនិត្យទីតាំងផ្ទាល់មួយចំនួនក្នុងរាជធានីភ្នំពេញ សម្រាប់រៀបចំព្រឹត្តិការណ៍អមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។

សូមជម្រាបជូនថាព្រឹត្តិការណ៍អមចម្បងក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលប្រទេសកម្ពុជាជាម្ចាស់ផ្ទះមានចំនួន២ គឺ «ភូមិហ្វ្រង់កូហ្វូន» (Village Francophone) ដែលមានពន្លាសម្រាប់ប្រទេសចូលរួមបង្ហាញពីវប្បធម៌ និងទេសចរណ៍របស់ខ្លួន អង្គការ និងស្ថាប័នផ្សេងៗ បង្ហាញពីសកម្មភាពការងារ ក៏មានវេទិកាតុមូលលើប្រធានបទមួយចំនួន និង «ហ្វ្រង់កូតេក» (Francotech) ដែលជាជំនួបធុរកិច្ចរវាងធុរជនពីបណ្តាគ្រប់បណ្តាប្រទេសនិយាយភាសាបារាំង៕



