រដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែង តាមរយៈកិច្ចខិតខំប្រឹងប្រែងលើផ្នែកការទូត ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹងរវាងកម្ពុជា និងថៃ។នេះបើយោងតាមហ្វេសប៊ុករបស់ស្ថានទូតជប៉ុនប្រចាំព្រះរាជណាចក្រកម្ពុជា កាលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។

ស្ថានទូតជប៉ុនប្រចាំព្រះរាជណាចក្រកម្ពុជា បានឱយដឹងថា កាលថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមីនា លោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី ជាទីប្រឹក្សា និងអនុព័ន្ធយោធា បានចូលរួមសកម្មភាពចុះពិនិត្យទីតាំងជាក់ស្តែងទាក់ទងនឹងស្ថានការណ៍ព្រំដែន ដែលរៀបចំដោយក្រសួងការពារជាតិកម្ពុជា ក្នុងឋានៈជាសមាជិកនៃក្រុមអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) និងបានចុះពិនិត្យនៅទីតាំងមួយចំនួនរួមទាំងភូមិតាមបណ្តោយព្រំដែនស្ថិតក្នុងខេត្តបន្ទាយមានជ័យ និងប្រាសាទព្រះវិហារ។

តាមយៈដំណើពិនិត្យនៅតាមព្រំដែន ស្ថានទូតជប៉ុន បញ្ជាក់ថា រដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹង តាមរយៈកិច្ចខិតខំប្រឹងប្រែងលើផ្នែកការទូតដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា ហើយនឹងបន្តផ្តល់ជំនួយក្នុងទម្រង់ផ្សេងៗ។
សូមជម្រាបដែរថា នៅក្នុងថ្ងៃ ទី៤ និងទី៥ ខែមីនា ឆ្នាំ២០២៦ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ទាំង១២ប្រទេស អញ្ជើញទៅកាន់តំបន់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ ដែលរងការខូចខាតយ៉ាងដំណំ ដោយសារការវាយប្រហារពីសំណាក់យោធាថៃ។

ក្នុងនាមជារដ្ឋដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋានរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដោយប្រឆាំងជាដាច់ខាតការគំរាមឬការប្រើប្រាស់កម្លាំង សំដៅសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាជននៃប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ៕ អត្ថបទ៖ហ្សាលីន

