World Bank នឹងជំរុញឱ្យប្រទេសកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មមួយពេញដោយសក្តានុពល

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារពិភពលោក (World Bank) ថានឹងជំរុញឱ្យប្រទេសកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មមួយពេញដោយសក្តានុពល និងប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍ ជាមួយប្រតិភូធនាគារពិភពលោក (World Bank) ដឹកនាំដោយលោក Ramprakash Sethuramasubbu អ្នកឯកទេសអភិវឌ្ឍន៍ផ្នែកឯកជន នៃធនាគារពិភពលោក និងលោក Quan Zhao អ្នកគ្រប់គ្រងកម្មវិធីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិក្សាការងារ កាលទី៦ ខែមីនា ឆ្នាំ២០២៦។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការល្អរវាងគ្នានាពេលកន្លងមក ពិសេសនាពេលថ្មីៗនេះការចូលរួមរបស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់វិស័យឯកជន តាមរយៈការសហការរៀបចំកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ដោយមានការសហការជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC)។ បន្ថែមពីនេះ កិច្ចប្រជុំក៏បានពិភាក្សាអំពីលទ្ធផលនៃសិក្ខាសាលាសិក្សាពីតម្រូវការចាំបាច់ដើម្បីត្រៀមអនុវត្តកិច្ចព្រមព្រៀង IFDA នេះផងដែរ ដើម្បីសិក្សាឱ្យបានស៊ីជម្រៅអំពីខ្លឹមសារនៃកិច្ចព្រមព្រៀង តម្រូវការជាក់ស្តែងតាមវិស័យនីមួយៗ សំដៅត្រៀមអនុវត្តឱ្យបានប្រសិទ្ធភាពខ្ពស់។

នាឱកាសនោះដែរ ឯកឧត្តម ស៊ុន ចាន់ថុល  ក៏បានស្នើសុំការគាំទ្រពីធនាគារពិភពលោកលើការជំរុញបន្ថែមទៀតការធ្វើឱ្យប្រសើរឡើងនៃវិស័យភស្តុភារកម្ម និងពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជាផងដែរ។

ជាការឆ្លើយតប តំណាងធនាគារពិភពលោកប្រចាំកម្ពុជា បានសម្តែងនូវការតាំងចិត្តខ្ពស់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ជំរុញឱ្យប្រទេសកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មមួយពេញដោយសក្តានុពល និងប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់។

តាមរយៈអង្គប្រជុំ ខាងលើក៏បានយល់ឃើញស្របគ្នាថា ក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលស្ថានភាពមិនប្រាកដប្រជានៅក្នុងពិភពលោក បានតម្រូវអោយមានការគិតគូរអោយបានហ្មត់ចត់ក្នុងការផ្តល់កិច្ចសម្រួលវិនិយោគ ដើម្បីធ្វើយ៉ាងណាអោយវិនិយោគិនមានភាពកក់ក្តៅ និងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា៕ អត្ថបទ៖ ហ្សាលីន