កម្ពុជា នឹងដំណើរការរោងចក្រថាមពលពន្លឺព្រះអាទិត្យកម្លាំង ៩៣០ មេហ្គាវ៉ាត់ ដែលធំជាងគេនៅអាស៊ីអាគ្នេយ៍

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជានឹងភ្ជាប់គម្រោងថាមពលពន្លឺព្រះអាទិត្យធំជាងគេនៅអាស៊ីអាគ្នេយ៍ទៅនឹងបណ្តាញអគ្គិសនីជាតិក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលជាជំហានដ៏សំខាន់មួយក្នុងការពង្រីកថាមពលកកើតឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមអង្គភាព  Asian Speech បានផ្សាយនៅថ្ងៃទី៨ ខែមីនានេះថា រោងចក្រថាមពលពន្លឺព្រះអាទិត្យឈើតុំ មានទីតាំងស្ថិតនៅភូមិកណ្តាល និងភូមិក្រាំងខ្វួន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានសមត្ថភាពផលិតថាមពលសរុប ៩៣០ មេហ្គាវ៉ាត់ (MW) ដែលធ្វើឱ្យវាក្លាយជារោងចក្រថាមពលពន្លឺព្រះអាទិត្យធំជាងគេនៅអាស៊ីអាគ្នេយ៍។

គម្រោងនេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមផ្គត់ផ្គង់អគ្គិសនីនៅទូទាំងប្រទេសកម្ពុជាបន្ទាប់ពីបើកដំណើរការក្នុងខែមីនានេះ។

រោងចក្រនេះនឹងវ៉ាដាច់រោងចក្រថាមពលពន្លឺព្រះអាទិត្យ Dau Tieng នៅប្រទេសវៀតណាម ដែលមានសមត្ថភាពប្រហែល ៥០០ មេហ្គាវ៉ា តែប៉ុណ្ណោះ ខណៈពីមុនជារោងចក្រថាមពលពន្លឺព្រះអាទិត្យធំជាងគេមួយនៅក្នុងតំបន់។

អង្គភាពនេះក៏បានគូសបញ្ជាក់ដែរថា គម្រោងនេះនឹងពង្រឹងការផ្គត់ផ្គង់ថាមពលរបស់ប្រទេសកម្ពុជាយ៉ាងខ្លាំង និងគាំទ្រដល់យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការពង្រីកប្រភពថាមពលកកើតឡើងវិញ និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល៕