អភិបាលខេត្តតាកែវអមដំណើររដ្ឋមន្រ្តីក្រសួងទេសចរណ៍ ចុះទស្សនកិច្ច និងអុជធូបនៅរមណីយដ្ឋានភ្នំជីសូរ្យ ខេត្តតាកែវ

សង្គម​ និង​សេដ្ឋកិច្ច

ឆ្លៀតឱកាសនៃព្រឹត្តិការណ៍ជិះកង់ «ភ្នំពេញ–តាកែវ» ចម្ងាយ ៧៨ គីឡូម៉ែត្រ ក្រោមប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោកជំទាវ រួមជាមួយ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ នាថ្ងៃទី៨ ខែមីនា បានអញ្ជើញចុះពិនិត្យស្ថានភាព ព្រមទាំងអុជធូបសុំសេចក្តីសុខ នៅរមណីយដ្ឋានភ្នំជីសូរ្យ ដែលជាតំបន់សក្តានុពលទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញឆ្លុះបញ្ជាំងនូវប្រាសាទបុរាណដែលមានកេរ្តិ៍ដំណែលវប្បធម៌ អរិយធម៌បេតិកភណ្ឌដ៏ល្អនៅខេត្តតាកែវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា រមណីយដ្ឋានភ្នំជីសូរ្យ ជារមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តរបស់ខេត្តតាកែវ គួបផ្សំនឹងទស្សនីយភាពធម្មជាតិ បាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញចូលទស្សនាយ៉ាងច្រើននាពេលបច្ចុប្បន្ន។

រមណីយដ្ឋានភ្នំជីសូរ្យ មានរូបសម្រស់អមដោយទេសភាពបៃតងដ៏ស្រស់ត្រកាល និងខ្យល់អាកាសបរិសុទ្ធ ដែលមានទីតាំងសិ្ថតនៅក្នុងឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។ ប្រាសាទភ្នំជីសូរ្យនេះទៀតសោត បានស្ថាបនាលើខ្នងភ្នំមួយមានកម្ពស់ ៣៨០ម៉ែត្រ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី១ សំរាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។

ប្រាសាទនេះសាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ ៦០ម និងទទឹង ៥០ម និងមានថែវ២ជាន់ព័ទ្ធជុំវិញ។ ថែវទី២ មានទំហំតូចជាងថែវទី១ និងនៅចំកណ្តាល មានទីសក្តារៈមួយដ៏សំខាន់ ហើយមានទ្វារឆ្លាស់ពីរ ខាងក្នុងមានបដិមាករមួយធ្វើអំពីឈើ៕