បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច បានអះអាងថា ប្រេងឡើងថ្លៃដោយសារតែឈ្មួញកណ្ដាលបិទការលក់ ដើម្បីបំភ័យអ្នកប្រើប្រាស់។ លោកបណ្ឌិត បានស្នើរឱ្យក្រុមហ៊ុននាំចូលធំៗ គួរមានការបកស្រាយ ដើម្បីកុំឱ្យប្រជាពលរដ្ឋភ័យ។

ទន្ទឹមគ្នានេះ លោកបណ្ឌិត ក៏បានលើកឡើង២ចំណុចសំខាន់ៗប្រាប់អង្គភាព Oknha News តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី៩ ខែមីនានេះ មូលហេតុដែលនាំឱ្យខ្វះប្រេងលក់នៅលើទីផ្សារ ទី១/ដោយសារតែតម្រូវការមានការកើនឡើង ដែលប្រជាពលរដ្ឋរំពឹងថាប្រេងនឹងឡើងថ្លៃខ្ពស់ក្នុងពេលអនាគត។ ការរំពឹងទុកនេះធ្វើឲ្យពួកគាត់ព្រួយបារម្ភថានឹងចំណាយថ្លៃដើមខ្ពស់សម្រាប់ទិញប្រេង។ កត្តាទី២ អ្នកលក់ក៏មានការរំពឹងទុកនៃការឡើងថ្លៃប្រេងដែរ ដូច្នេះពួកគាត់ត្រូវផ្អាកការផ្គត់ផ្គង់ដើម្បីទុកលក់នៅពេលដែលប្រេងឡើងខ្ពស់ ដើម្បីទទួលបានផលចំណេញច្រើន។
លោកបណ្ឌិតសេដ្ឋកិច្ចរូបនេះ ក៏បានស្នើរសុំឱ្យក្រុមហ៊ុនដែលនាំចូលប្រេងធំៗជួយបកស្រាយបង្ហាញទៅកាន់ប្រជាពលរដ្ឋថាកុំមានការព្រួយបារម្ភនៅក្នុងការទិញប្រេង ដោយក្រុមហ៊ុននៅតែមានប្រេងផ្គត់ផ្គង់គ្រប់គ្រាន់ ខណៈថ្លៃប្រេងនឹងមានការកើនឡើងបន្តិចបន្តួច។
យ៉ាងណាម៉ិញ កាលពីថ្ងៃទី៨មីនា ក្រសួងពាណិជ្ជកម្មបានប្រកាសហើយថា តម្លៃសាំងធម្មតាកើនឡើង ៤,៤០០រៀល និងម៉ាស៊ូត កើន ៥,១៥០រៀល តម្លៃនេះបានអនុវត្តចាប់ពីថ្ងៃទី៨ ដល់ទី១០ ខែមីនា ឆ្នាំ២០២៦។
ទន្ទឹមគ្នានេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៏បានបញ្ជាក់នៅថ្ងៃទី៨មីនាដដែលថា កម្ពុជាមានប្រេងឥន្ធនៈបម្រុងគ្រប់គ្រាន់ ទោះបីជាមានភាពតានតឹងនៅមជ្ឈិមបូព៌ាក៏ដោយ។ ឯកឧត្តម បានបន្ថែមថា កម្ពុជាអាចបន្តផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងស្រុករហូតដល់ ២១ថ្ងៃ ទោះបីជាការនាំចូលប្រេងឥន្ធនៈត្រូវបានរំខានជាបណ្តោះអាសន្នក៏ដោយ។
គូសបញ្ជាក់ថា បន្ទាប់ពីអ៊ីរ៉ង់ប្រកាសបិទផ្លូវសមុទ្រហ័រមូសទាំងស្រុង ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយសហរដ្ឋអាម៉រិក និងអ៊ីស្រាអែល ធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូនប្រេងធំៗ និងពាណិជ្ជករបានផ្អាកការដឹកជញ្ជូនប្រេងឆៅ ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិរាវ (LNG) ជាបណ្តោះអាសន្នតាមរយៈច្រកសមុទ្រមួយនេះ៕





