សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍និងគាំទ្រគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្រាប់ការឈប់បាញ់គ្នានាយប់នេះរវាងកម្ពុជា-ថៃ

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានប្រកាសស្វាគមន៍និងគាំទ្រគំនិតផ្តួចផ្តើមរបស់ឯ.ឧ Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្រាប់ការឈប់បាញ់នាយប់នេះ ដោយមានការតាមដានត្រួតពិនិត្យដោយ ក្រុមត្រួតអ្នកសង្កេតការអាស៊ាន (AOT) និងចូលរួមដោយសហរដ្ឋអាមេរិក។ នេះបើតាមបណ្ដាញសង្គមផ្លូវការរបស់សម្ដេចធិបតី នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបជូនថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន, នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី បានគាំទ្រដល់ការបន្ធូរបន្ថយជម្លោះ និងលើកកម្ពស់តម្លភាព។ ក្នុងនោះ  ឯ.ឧ Anwar Ibrahim បានបង្ហាញការព្រួយបារម្ភរបស់ម៉ាឡេស៊ី និងជំរុញឱ្យភាគីទាំង២ អត់ធ្មត់ជាអតិរមា បញ្ឈប់រាលអរិភាព និងបញ្ចៀសរាល់ការធ្វើសកម្មភាពយោធាដែលនាំ ឱ្យជម្លោះកើនឡើង ក្នុងនោះរួមមានទាំងការប្រើប្រាស់កម្លាំងបាយ ឬការចល័តកងកម្លាំងប្រដាប់អាវុធ ដែលនឹងត្រូវចូលជាធរមាននៅម៉ោង ១០យប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។

នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី បានស្នើឱ្យដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដឹកនាំដោយប្រមុខកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី ដើម្បីតាមដានស្ថានការណ៍វិវត្តន៍ ជាក់ស្ដែង។ បេសកកម្មនេះនឹងត្រូវបានធ្វើឡើងដោយការតាមដានតាមរយៈផ្កាយរណបដែលផ្ដល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងពេលជាមួយគ្នា។ លទ្ធផលចេញពីការតាមដានតាមរយៈផ្កាយរណប និងការសង្កេតការណ៍នឹងត្រូវបានប្រមូលទិន្នន័យដោយ AOT ហើយត្រូវធ្វើបទបង្ហាញនៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃអង្គារ ទី១៦ ខែធ្នូ។ របាយការណ៍នឹងពន្យល់ពីស្ថានភាពជាក់ស្ដែង ក្នុងនោះរួមមានទាំងជំហររវាងភាគីទាំង២ ឈរលើផលប្រយោជន៍នៃការទទួលខុសត្រូវ ការកសាងទំនុកចិត្ត និងការថែរក្សាសន្តិភាព ក៏ដូចជាស្ថិរភាពក្នុងតំបន់៕