ខេត្តជាប់មាត់សមុទ្រចំនួន៤ខេត្ត រួមមាន ខេត្តព្រះសីហុន ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង មានឱកាសការងារជាង៥ពាន់កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។

បើតាមក្រសួងការងារ និងបណ្តុះបណ្តាល់វិជ្ចាជីវៈ បានឱ្យដឹងថា ខេត្តព្រះសីហនុមានឱកាសការងារ ១២០៥កន្លែង, ខេត្តកំពត មានឱកាសការងារ ១៩កន្លែង, ខេត្តកោះកុង ៤២៨៩កន្លែង និងខេត្តកែប មានចំនួន៦កន្លែង។

គួរឱ្យដឹងដែរថា បើតាម លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ឱកាសការងារសមរម្យ និងការបង្កើតមុខរបរជូនប្រជាពលរដ្ឋដើម្បីធានាបាននូវការលើកកម្ពស់ជីវភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដាក់ចេញនូវគោលនយោបាយគាំពារដល់បងប្អូនថែមទៀតផង ជាពិសេសអតីតពលករត្រឡប់ពីប្រទេសថៃ ដែលជាអាទិភាពមួយក្នុងការកសាងអនាគតដ៏ភ្លឺស្វាងនៅស្រុកកំណើត និងរួមចំណែកដោយផ្ទាល់ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ៕





