រដ្ឋសភាកម្ពុជា ស្នើរដ្ឋសភាហុងគ្រី ជំរុញវិស័យសំខាន់ៗចំនួន៥ បន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចប្រធានរដ្ឋសភាកម្ពុជា បានស្នើដល់រដ្ឋសភាហុងគ្រី បន្តពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ និងជួយជំរុញវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ បច្ចេកវិទ្យានិងកសិកម្ម បន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា ដល់ហុងគ្រី បានធ្វើឡើងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ រវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយ លោក ជីយ៉ចជី ស៊ូច (György Such) អគ្គលេខាធិការ នៃរដ្ឋសភាហុងគ្រី។

ដំណើរទស្សនកិច្ចនេះ សម្តេចរដ្ឋសភាកម្ពុជាបានវាយតម្លៃថា មិនត្រឹមតែឆ្លុះបញ្ចាំងពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដែលកម្ពុជា និងហុងគ្រី ពិនិត្យលើសក្តានុពលផ្សេងៗទៀត ក្នុងការបង្កើត និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋទាំងសងខាង ដូចជា វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច កសិកម្ម អប់រំ បច្ចេកវិទ្យានិងទេសចរណ៍ ជាដើម។

សម្តេចចាត់ទុកថា ជាជំហានថ្មីមួយទៀត ដែលបង្ហាញពីលទ្ធផលជាក់ស្តែង នៃការអនុវត្តដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីឆ្នាំ២០២៥ ដែលនឹងរួមចំណែកបន្ថែមទៀតដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ ជាពិសេស រវាងអគ្គលេខាធិការដ្ឋានទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀត។

ជាការឆ្លើយតប លោក ជីយ៉ចជី ស៊ូច បានបង្ហាញក្តីសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរ នឹងសម្រេចបានលទ្ធផលជាច្រើន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ ក៏ដូចជាវិស័យជាច្រើនទៀត ដូចជា ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម និងអប់រំ។

សូមជម្រាបថា ហុងគ្រី គឺជាមិត្តចាស់របស់កម្ពុជា ជាមិត្តដែលមានការយោគយល់ ជឿជាក់ គោរពគ្នា និងស្មោះត្រង់។ ទំនាក់ទំនងការទូតទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា–ហុងគ្រី បានឈានដល់ខួបទី៧០ឆ្នាំ ដែលបានឆ្លុះបញ្ចាំងនូវស្មារតីនៃចំណងមិត្តភាពដ៏យូរអង្វែង ប្រកបដោយភាពស្អិតរមួត និងកិច្ចសហប្រតិបត្តិការដ៏ល្អ៕