សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ជាង៤៧ឆ្នាំ ដែលសម្តេចបានធ្វើជាថ្នាក់ដឹកនាំប្រទេសកម្ពុជា សម្តេចខិតខំធ្វើសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលធ្វើឱ្យគ្មានជម្លោះជាតិសាសន៍ និងសាសនានៅកម្ពុជានោះឡើយ»។

តាមរយៈបណ្ដាញសង្គមនៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន សរសេរយ៉ាងដូច្នេះថា «ប៉ុន្មានថ្ងៃនេះមានការជជែកលើរឿងក្មួយស្រីកន្និដ្ឋា ដែលចេញមកបញ្ចេញមតិលើរឿង ដែលថាអាមេរិកអាចមកចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៊ីរ៉ង់នៅកម្ពុជា។»
សម្ដេចតេជោបានបញ្ជាក់ថា «ខ្ញុំមិនគួរចូលពាក់ព័ន្ធជាមួយរឿងនេះទេ ប៉ុន្តែបើខ្ញុំមិនទប់ស្កាត់ទេរឿងនេះវារីកកាន់តែធំ ព្រោះអ្វីដែលកន្និដ្ឋាលើកឡើងវាមានចរិតជាការគំរាមកំហែងមកលើពលរដ្ឋនៃរដ្ឋអធិបតេយ្យមួយដែលសូម្បីរដ្ឋាភិបាលអាមេរិកក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង។»

សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀតថា អ្វីដែលគ្រោះថ្នាក់ជាងនេះទៀតគឺបង្កគ្រោះថ្នាក់ នៃការបែងចែកនិកាយសាសនាក្នុងសាសនាឥស្លាមផង និងការបែងចែកសាសនាផ្សេងគ្នានៅកម្ពុជាផង។ «អ្វីដែលគួរឲ្យខ្លាច គឺសង្គ្រាមអាវុធ តែអ្វីដែលគួរឲ្យខ្លាចជាងទៀត គឺសង្គ្រាមសាសនានេះឯង។»
ជាថ្មីម្តងទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បន្ថែមដែរថា ជាង៤៧ឆ្នាំ នៃការចូលរួមកាន់អំណាចនៅកម្ពុជា សម្ដេចខិតខំធ្វើសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលធ្វើឱ្យគ្មានជម្លោះជាតិសាសន៍ និងសាសនានៅកម្ពុជានោះឡើយ៕ អត្ថបទ៖ ហ្សាលីន

