ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាននាំយកម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុនធំៗចំនួន ៤ ទៅដល់មូលដ្ឋានស្រុកអូរជ្រៅ ក្នុងខេត្តបន្ទាយមានជ័យ សម្ភាសជ្រើសរើសបុគ្គលិកភ្លាមៗ ប្រមាណ១០០០កន្លែង។

នៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រមូលផ្តុំព័ត៌មានការងារដ៏សម្បូណ៌បែបសម្រាប់បងប្អូន និងកំពុងតែរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះជារៀងរាល់ចុងសប្តាហ៍ដល់មូលដ្ឋាន ជាពិសេសនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើការផ្សព្វផ្សាយ។ ជាក់ស្តែងនៅថ្ងៃនេះ មានរោងចក្រ និងក្រុមហ៊ុនធំៗចំនួន ៤បានមកផ្តល់ឱកាសការងារប្រមាណ ១០០០កន្លែង ដែលបងប្អូនអាចចុះឈ្មោះ និងសម្ភាសទទួលបានការងារភ្លាមៗ ជាពិសេសអតីតពលករត្រឡប់ពីប្រទេសថៃ និងយុវជនរកការងារ។
លោកក៏បានគូសបញ្ជាក់ថា ការនាំយកការងារមកដល់មូលដ្ឋាននាពេលនេះ គឺជួយកាត់បន្ថយទាំងពេលវេលា និងថវិកាសម្រាប់បងប្អូន ដែលខុសប្លែកពីពេលមុន ដែលបងប្អូនត្រូវធ្វើដំណើរទៅរកការងារធ្វើដោយខ្លួនឯង។
ទន្ទឹមនឹងនោះ លោករដ្ឋលេខាធិការក៏បានលើកទឹកចិត្តឱ្យបងប្អូន ជាពិសេសយុវជនដែលត្រឡប់ពីប្រទេសថៃឱ្យចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស (TVET 1.5M) ដែលជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវជីវភាពសមរម្យសម្រាប់ពលរដ្ឋគ្រប់កាលៈទេសៈ ក៏ដូចជាសម្រេចគោលដៅ “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត”។
សូមបញ្ជាក់ថា ឱកាសការងារប្រមាណ ១ ០០០កន្លែងនេះ គឺស្ថិតក្នុងចំណោមឱកាសការងារជាង ៨៣ ០០០កន្លែងនៅទូទាំងប្រទេស៕





