ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៥មីនានេះ ដោយចោទប្រកាន់ថា សកម្មភាពរបស់កងកម្លាំងយោធាថៃនៅលើទឹកដីកម្ពុជា គឺជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

ឯកឧត្តម បានបញ្ជាក់ថា នៅពេលដែលប្រទេសថៃបញ្ជូនកងទ័ពឆ្លងកាត់ព្រំដែនស្របច្បាប់ចូលមកក្នុងទឹកដីកម្ពុជា នោះត្រូវបានចាត់ទុកថាជា «ការឈ្លានពាន»។ ចំណែកការសាងសង់ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅលើទឹកដីកម្ពុជាដែលខ្លួនបានចូលឈ្លានពាន គឺជាការចូល «កាន់កាប់»។
ឯកឧត្តមបន្តថា នៅពេលដែលកងទ័ពថៃកម្ទេចផ្ទះសម្បែងប្រជាជនស៊ីវិលខ្មែរ នៅក្នុងតំបន់ដែលខ្លួនកាន់កាប់ និងរារាំងប្រជាពលរដ្ឋរាប់ម៉ឺននាក់មិនឲ្យត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញ នោះគឺជាការសង្កត់សង្កិនលើប្រជាជនស៊ីវិល។ បន្ថែមពីនោះ ការឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជា ព្រមទាំងសង្កត់សង្កិនប្រជាជនខ្មែរ ដែលមានអារ្យធម៌ជាច្រើនពាន់ឆ្នាំនៅលើទឹកដីនេះ គឺអាចចាត់ទុកថាជាការប៉ុនប៉ងលេបត្របាក់ទឹកដី។
ឯកឧត្តម ក៏បានគូសបញ្ជាក់បន្ថែមថា សកម្មភាពទាំងនេះបង្ហាញថា ថៃកំពុងប្រព្រឹត្តក្នុងលក្ខណៈជាប្រទេសអាណានិគមថ្មី ដែលមិនគោរពច្បាប់អន្តរជាតិ៕



