កម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព និងមានសក្តានុពលទេសចរណ៍ខ្ពស់ ស្រស់ស្អាត និងប្លែកៗជាច្រើន ជាពិសេសធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។ នេះជាការគូសបញ្ជាក់របស់ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងកម្មវិធីបើកការប្រកួតវគ្គផ្តាច់ព្រ័ត្របវរកញ្ញា Miss Planet International 2026។

កម្មវិធីបើកការប្រកួតវគ្គផ្តាច់ព្រ័ត្របវរកញ្ញា Miss Planet International 2026 កាលពីថ្ងៃទី១៥ ខែមីនា បង្ហាញថា កម្ពុជាជាគោលដៅទេសចរណ៍សុខសុវត្ថិភាព ស្របពេលកម្ពុជាគឺជាម្ចាស់ផ្ទះកម្មវិធីអន្តរជាតិមួយនេះនៅឆ្នាំ២០២៦ ដែលមានវត្តមានចូលរួមទាំងជាតិ និងអន្តរជាតិជាង ២,០០០រូប មកពីបណ្តាប្រទេសនានាជុំវិញពិភពលោក និងការចូលរួមពីបេក្ខនារីចំនួន៣៣រូបមកពី៣៣ប្រទេស ដោយមានការផ្សាយបន្តផ្ទាល់ដល់ទស្សនិកជនគ្រប់ទ្វីបនៃពិភពលោក។

លោក ហួត ហាក់ បានលើកឡើងថា កម្ពុជា បាននិងកំពុងធានាបាននូវសុខសុវត្ថិភាព និងសន្តិសុខសម្រាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរអន្តរជាតិទាំងអស់។ ជាក់ស្តែង ការរៀបចំកម្មវិធី Miss Planet International 2025 នៅរាជធានីភ្នំពេញ បានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាព និងលទ្ធភាពរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ ព្រមទាំងបញ្ជាក់ពីបរិយាកាសសុខសុវត្ថិភាព និងការអភិវឌ្ឍដ៏រស់រវើករបស់រាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា៕


