ឯកអគ្គរដ្ឋទូត៖ បច្ចុប្បន្ន ទំនាក់ទំនង​កម្ពុជា-កូរ៉េ ​បាននិងកំពុងត្រូវបានបន្តពង្រឹងនិងពង្រីកយ៉ាងសកម្ម

សង្គម​ និង​សេដ្ឋកិច្ច

ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បានលើកឡើងថា បច្ចុប្បន្ន ទំនាក់ទំនងនៃប្រទេសកម្ពុជា-កូរ៉េ បាននិងកំពុងត្រូវបានបន្តពង្រឹងនិងពង្រីកយ៉ាងសកម្ម ខណៈទូតកូរ៉េ ក៏ប្ដេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងកូរ៉េ-កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀតផងដែរ។ នេះបើតាមជំនួបពិភាក្សា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាមួយលោក គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា កាលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោកអគ្គរដ្ឋទូតកូរ៉េ បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលបានរីកចម្រើនឡើងជាលំដាប់ ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ នៅឆ្នាំ១៩៩៧ ក្រោមការជំរុញ និងគាំទ្ររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា។

លោកបន្តថា បច្ចុប្បន្ន ទំនាក់ទំនង​នៃប្រទេសទាំងពីរ​បាននិងកំពុងត្រូវបានបន្តពង្រឹងនិងពង្រីកយ៉ាងសកម្ម តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងគ្រប់កម្រិត ក៏ដូចជាវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន។លោក បញ្ជាក់បន្ថែមទៀតថា សាធារណរដ្ឋកូរ៉េ មានបំណងពង្រឹង និងពង្រីកទំនាក់ទំនងជាមួយកម្ពុជា ខណៈលោកថាក្នុងអាណត្តិបេសកកម្មការទូតនេះ នឹងខិតខំពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យសម្រេចបានលទ្ធផលផ្លែផ្កាបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី បានស្វាគមន៍ និងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ​រវាងប្រទេស​ទាំងពីរ។ សម្តេច រំលឹកថា ប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនង ជា “ភាពជាដៃគូយុទ្ធសាស្ត្រ” នាឆ្នាំ២០២៤ ដែលការណ៍នេះបានបើកច្រកសម្រាប់ការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែទូលាយថែមទៀត។

តាមរយៈជំនួបខាងលើ ភាគីទាំងពីរ ក៏បានពិភាក្សាជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗមួយចំនួន ជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ការពារជាតិ និងសន្តិសុខជាដើម៕ អត្ថបទ៖ហ្សាលីន