(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការផ្សាយ ចែករំលែកវីដេអូ ឬរូបភាពនៃករណីឃាតកម្ម និងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្ហាញរូបភាពតក់ស្លុតលើបណ្តាញសង្គម វាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អារម្មណ៍ជងរងគ្រោះ និងគ្រួសាររបស់ពួកគេ។

យោងតាមលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ការបង្ហាញរូបភាពឃោរឃៅទាំងនេះបង្កជាភាពភ័យខ្លាច ការតក់ស្លុត និងប៉ះពាល់ដល់អារម្មណ៍កុមារ និងពលរដ្ឋទូទៅ។ ទន្ទឹមនេះការផ្សាយ ឬចែករំលែករូបភាពសពពីការបាញ់សម្លាប់ ឬការស្លាប់ និងរងរបួសមានឈាមពីគ្រោះថ្នាក់ចរាចរ ដោយគ្មានការបិទបាំង ឬព្រិលលើរូបភាពជាទង្វើប្រាសចាកក្រមសីលធម៌ រំលោភសិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូររបស់មនុស្ស និងប៉ះពាល់ខ្លាំងដល់សីលធម៌ និងសណ្តាប់ធ្នាប់សង្គម។ ការផ្សាយដោយគិតតែប្រជែងគ្នាដើម្បីយកView ឬ Like ដោយមិនគិតពីផលវិបាកសង្គម អាចគ្រាន់តែជាការធ្វើអាជីវកម្មលើភាពរងគ្រោះ ឬភាពទន់ខ្សោយរបស់អ្នកដទៃ គឺជាទង្វើដែលសង្គមមិនផ្តល់តម្លៃ និងប៉ះពាល់ដល់គុណតម្លៃនៃអាជីពព័ត៌មាន។
អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ ក៏បានរំលឹកដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ អំពីការអនុវត្ត ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ពិសេសត្រង់ចំណុចទី១៣ នៃធម្មនុញ្ញនេះ ដែលបានហាមប្រាមការផ្សព្វផ្សាយរូបភាព ឬខ្លឹមសារដែលបង្ហាញពីភាពឃោរឃៅ អំពើហិង្សា គ្រោះថ្នាក់ចរាចរដែលគួរឱ្យរន្ធត់តក់ស្លុត ឬបង្កឱ្យកើតបញ្ហាសតិអារម្មណ៍ដល់សាធារណជន ដែលជាការចុះផ្សាយព័ត៌មានប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ហើយដែលរូបភាពបែបនេះវាប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ និងក្រុមគ្រួសារពួកគេ បង្កផលវិបាកក្នុងរយៈពេលខ្លី និងវែង។ ការអនុវត្តចំណុចក្រមសីលធម៌នេះ គឺជាការធានាសិទ្ធិសេរីភាពក្នុងការផ្សាយដោយការទទួលខុសត្រូវ។
ទន្ទឹមគ្នានេះ លោក ទេព អស្នារិទ្ធ បានលើកទឹកចិត្តឱ្យសាធារណជនងាកមកគាំទ្រ និងផ្តល់តម្លៃដល់ការផ្សាយព័ត៌មានដែលប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាបង្កើតបរិយាកាសឌីជីថលមួយដែលមានសុវត្ថិភាព ផ្តល់ចំណេះដឹងដោយភាពជឿជាក់ និងថែរក្សាសីលធម៌រស់នៅក្នុងសង្គម៕


