ផលិតផលខ្មែរជាច្រើនមុខ ជាពិសេសម្រេចកំពត ជ្រក់ម្រេច និងអំបិលកំពតជាដើម ត្រូវបានក្រុមហ៊ុនខ្មែរ-ជប៉ុន សហការនាំយកទៅ្សព្វផ្សាយលក់ និងបានផ្គត់ផ្គង់ទៅតាមភោជនីយដ្ឋាន និងសណ្ឋាគារធំៗ នៅខេត្តអូគីណាវ៉ា រួមមានសណ្ឋាគារ Hyatt, Sheraton និង Hotel JAL City ជាដើម។

នេះជាការសហការរវាង ក្រុមហ៊ុន Jumbo Tours Co., Ltd. នៅខេត្តអូគីណាវ៉ា និង ក្រុមហ៊ុន Magokoro Cambodia នៅខេត្តសៀមរាប ដែលបាននាំយកនូវផលិតខ្មែរជាច្រើនទៅកាន់ទីផ្សារជប៉ុនចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២៥មក។

លើសពីនេះ កាលពីទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុនទាំងពីរក៏បានសហការក្នុងការពង្រឹងវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ និងទេសចរណ៍រវាងប្រទេសកម្ពុជា-ជប៉ុន និងការលើកកម្ពស់ទីផ្សារផលិតផលខ្មែរ នៅក្នុងប្រទេសជប៉ុនថែមទៀតផងដែរ។

ក្នុងពិព័រណ៍ FOODEX Japan នសទីក្រុងតូក្យូ ក្រុមហ៊ុនទាំងពីរក៏បានរួមគ្នាដើម្បីគាំទ្រដល់ការចូលរួមផ្សព្វផ្សាយផលិតផលខ្មែររបស់ក្រុមហ៊ុនទាំងពីរ រួមមាន ម្រេចកំពត ជ្រក់ម្រេច អំបិលកំពត គ្រាប់ស្វាយចន្ទី និងផលិតផលសិប្បកម្ម ក៏ដូចជាដើម្បីបង្កើតបណ្ដាញធុរកិច្ច និងអ្នកវិនិយោគបន្ថែមទៀត ក្នុងគោលដៅជំរុញកំណើនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យនាំចេញ-នាំចូលផលិតផលម្ហូបអាហារ និងភេសជ្ជៈថែមទៀត៕




