គណៈប្រតិភូធនាគារចិន បានមកជួបពិភាក្សាជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីស្វែងយល់ពីសក្តានុពលវិនិយោគថ្មីៗក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ជាមួយគណៈប្រតិភូជាន់ខ្ពស់ធនាគារចិន ដឹកនាំដោយលោក Sun Yu នាយកប្រតិបត្តិ ធនាគារចិន ប្រចាំទីក្រុងហុងកុង កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ លោក Sun Yu បានឱ្យដឹងថា ជំនួបនេះមានគោលបំណងឱ្យគណៈប្រតិភូធនាគារចិន បានស្វែងយល់ពីសក្តានុពលវិនិយោគថ្មីៗក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា និងឱកាសក្នុងការពង្រីកប្រតិបត្តិការថែមទៀត។លោកក៏បានជម្រាបជូនពីវឌ្ឍនភាពល្អនៃប្រតិបត្តិការរបស់ធនាគារចិននាពេលកន្លងមក និងបានបញ្ជាក់ពីការប្តេជ្ញារបស់ភាទុនិក ក្នុងការបន្តចូលរួមអភិវឌ្ឍវិស័យហិរញ្ញវត្ថុកម្ពុជាឱ្យបានកាន់តែប្រសើរថែមទៀត ដោយអនុវត្តតាមបទប្បញ្ញាត្តិនានាឱ្យបានខ្ជាប់ខ្ជួន។ លើសពីនេះ លោកក៏បានលើកឡើងពីការសិក្សាអំពីលទ្ធភាពក្នុងការដាក់ឱ្យដំណើរការឧបករណ៍ហិរញ្ញវត្ថុថ្មីៗ និងការជំរុញការប្រើប្រាស់ប្រាក់រៀលសម្រាប់ទូទាត់ក្នុងប្រតិបត្តិការហិរញ្ញវត្ថុឱ្យបានកាន់តែទូលំទូលាយថែមទៀត។
ជាការឆ្លើយតប លោកទេសាភិបាលបានស្វាគមន៍ចំពោះគម្រោងពង្រីកប្រតិបត្តិការនៅកម្ពុជា និងបានលើកឡើងពីអាទិភាពក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ការរក្សាស្ថិរភាពអត្រាប្តូរប្រាក់និងស្ថិរភាពហិរញ្ញវត្ថុ សំដៅចូលរួមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច។
តាមរយៈជំនួបពិភាក្សាខាងលើ ធនាគារជាតិ ក៏បានលើកឡើងពីទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ដោយបានរំលេចពីសក្តានុពល និងកត្តាប្រឈមមួយចំនួនពាក់ព័ន្ធនឹងភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយតំបន់និងសកលលោក និងការកើនឡើងតម្លៃប្រេងលើទីផ្សារអន្តរជាតិជាដើម។
សូមជម្រាបដែរថា ក្នុងមួយខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគចំនួន៤៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧៥២លានដុល្លារអាម៉េរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦៕ អត្ថបទ៖ ហ្សាលីន

