អន្តរក្រសួង ស្វែងរកយុទ្ធសាស្រ្តបង្កើនបរិយាកាសវិនិយោគអំណោយផលបន្ថែមទៀតដល់វិនិយោគិន

សង្គម​ និង​សេដ្ឋកិច្ច

អន្តរក្រសួង បានបើកកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៦ ដើម្បីរួមគ្នាពិភាក្សា ស្វែងរកយុទ្ធសាស្រ្តបង្កើនបរិយាកាសវិនិយោគអំណោយផលបន្ថែមទៀតដល់វិនិយោគិន និងជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឱ្យកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៦ បានធ្វើឡើងនៅទី១៩ ខែមីនា ឆ្នាំ២០២៦ ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ដោយមានការអញ្ជើញចូលរួមពី លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក.អ.ក. លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អនុប្រធានទី៣ ក.អ.ក. ព្រមទាំងថ្នាក់ដឹកនាំនាយកដ្ឋានចំណុះឱ្យ ក.អ.ក.។

កិច្ចប្រជុំនាព្រឹកនេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន សំដៅបន្តលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងស្ថាប័ន, ស្វែងរកយុទ្ធសាស្រ្តបង្កើនបរិយាកាសវិនិយោគអំណោយផលបន្ថែមទៀតដល់វិនិយោគិន និងជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជាមួយដៃគូអភិវឌ្ឍន៍នានាឱ្យកាន់តែមានភាពប្រសើរឡើង។

សូមជម្រាបថា ត្រឹមតែរយៈពេល ២ខែ ពោលគឺខែមករា-កុម្ភៈ ដើមឆ្នាំ២០២៦នេះ កម្ពុជា ទទួលបានគម្រោងវិនិយោគថ្មីជាង ១០០គម្រោង ក្នុងតម្លៃវិនយោគរហូតជិត១ពាន់លានដុល្លារអាមេរិក ដោយបង្កើតបានការងារបន្ថែមចំនួន៣៩ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC កាលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ៕ អត្ថបទ៖ហ្សាលីន