សហគ្រាសធំៗចំនួន ១៩ ដែលមកពីសាធារណរដ្ឋអូទ្រីស បានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាធុរកិច្ចកម្ពុជា-អូទ្រីស ដែលរៀបចំនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក.អ.ក និងលោក Andreas Sumper អនុប្រធានបេសកកម្មនៃស្ថានទូតអូទ្រីសប្រចាំកម្ពុជា ដោយមានវត្តមានចូលរួមពីតំណាងក្រសួង ស្ថាប័នរដ្ឋ និងឯកជននៃភាគីទាំងពីរ ប្រមាណ ៦០ រូប។

វេទិកាធុរកិច្ចនេះ ក៏មានការចូលរួមពីតំណាងមកពីក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចូលរួមធ្វើបទបង្ហាញតាមវិស័យពាក់ព័ន្ធរៀងៗខ្លួន។

សូមជម្រាបថា ក្រុមហ៊ុនអូទ្រីសចំនួន១៩ ដែលបានចូលរួម មានប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យសុខាភិបាល ថាមពល កីឡា បដិសណ្ឋារកិច្ច សំណង់ ធនាគារ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក។ល។ពាក់ព័ន្ធនឹងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា ត្រូវបានរំពឹងថា នឹងជំរុញដល់ការធ្វើសមាហរណកម្មពាណិជ្ជកម្មរបស់កម្ពុជាក្នុងតំបន់និងសកល កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អូទ្រីស គោលនយោបាយជំរុញពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម។
សូមរម្លឹកដែរថា ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគចំនួន៤៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧៥២លានដុល្លារអាម៉េរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២៦៕ អត្ថបទ៖ហ្សាលីន

