ក្រសួងឧស្សាហកម្ម និងការិយាល័យកម្មសិទ្ធិបញ្ញាសិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញា

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការិយាល័យកម្មសិទ្ធិបញ្ញាសិង្ហបុរី (IPOS) ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំកម្រិតខ្ពស់លើកទី១២ ដោយបង្ហាញការប្តេជ្ញាចិត្តរួម ក្នុងការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញា និងបង្កើនភាពងាយស្រួលសម្រាប់ការចូលប្រើប្រព័ន្ធនេះដោយធុរជន និងនវានុវត្តន៍ករ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំបានពិនិត្យវឌ្ឍនភាពនៃផែនការសហប្រតិបត្តិការទ្វេភាគី រួមទាំងការចុះបញ្ជីប្រកាសនីយបត្រតក្កកម្មឡើងវិញ (Patent Re-registration) ការកសាងសមត្ថភាព និងការសហការរៀបចំសិក្ខាសាលាស្តីពីដំណើរការចុះបញ្ជីកម្មសិទ្ធិបញ្ញា និងឧបករណ៍ឌីជីថលសម្រាប់កម្ពុជា និងសិង្ហបុរី។

ភាគីទាំងពីរបានពិភាក្សាលើវិធានការជាក់ស្តែង ដើម្បីធ្វើសាមញ្ញកម្មដំណើរការដាក់ពាក្យសុំការចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម លើកកម្ពស់ការយល់ដឹងក្នុងចំណោមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងពង្រីកកិច្ចសហប្រតិបត្តិការបច្ចេកទេស រួមទាំងការបណ្តុះបណ្តាលអ្នកវាយតម្លៃ តាមរយៈកម្មវិធី Singapore Patent Examiner Exchange & Development (SPEED)។

IPOS ក៏បានលើកឡើងពីទស្សនវិស័យ ក្នុងការប្រែក្លាយអាស៊ាន ជាគោលដៅដ៏ទាក់ទាញ សម្រាប់ការវិនិ​យោគពីបរទេស ដោយសង្កត់ធ្ងន់ថា ប្រព័ន្ធកម្មសិទ្ធិបញ្ញាដែលរឹងមាំមានសារសំខាន់ក្នុងការកសាងទំនុកចិត្តអ្នកវិនិយោគ និងជំរុញកំណើនផ្អែកលើនវានុវត្តន៍។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងពីសារសំខាន់នៃការបង្កើនភាពងាយស្រួល ក្នុងការចូលប្រើប្រព័ន្ធកម្មសិទ្ធិបញ្ញា ជាពិសេសសម្រាប់វិស្វករ អ្នកវិទ្យាសាស្ត្រ និងនវានុវត្តន៍ករកម្ពុជា ដែលនៅបន្តមានបញ្ហាប្រឈមក្នុងការចូលដំណើរការប្រព័ន្ធ។

ឯកឧត្តមបានស្នើឱ្យ IPOS ពង្រីកកម្មវិធីបណ្តុះបណ្តាល បង្កើនកិច្ចសហការជាមួយសាកលវិទ្យាល័យ និងមជ្ឈមណ្ឌលស្រាវជ្រាវ ព្រមទាំងពង្រឹងការតភ្ជាប់ជាមួយកម្មវិធីគាំទ្រសហគ្រាសធុនតូចនិងមធ្យម រួមទាំងការផ្តល់ហិរញ្ញប្បទានសម្រាប់ការដាក់ពាក្យសុំប្រកាសនីយបត្រតក្កកម្ម។

ឯកឧត្តមក៏បានលើកឡើងពីចក្ខុវិស័យរយៈពេលវែង ក្នុងការបង្កើតប្រព័ន្ធឌីជីថល ដើម្បីបង្កើនការចូលប្រើព័ត៌មានកម្មសិទ្ធិបញ្ញា និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាដោយស្របច្បាប់៕