រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញមកបញ្ជាក់ថា ការរៀបចំដីនិងផ្ទះជូនជនភៀសសឹកមិនមែនជាថ្នូរដោះដូរជាមួយដីដែលទាហានថៃហ៊ុំព័ទ្ធនោះទេ ប៉ុន្ដែជាការរៀបចំឱ្យរស់នៅជាបណ្តោះអាសន្នប៉ុណ្ណោះ ដោយរង់ចាំរាជរដ្ឋាភិបាលដោះស្រាយជាមួយភាគីថៃចប់ បងប្អូននឹងត្រូវវិលត្រឡប់ទៅរស់នៅលើទីតាំងលំនៅឋានរបស់ខ្លួនវិញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារយោធាថៃហ៊ុព័ទ្ធបន្លាលួស ដាក់ទូកុងតឺន័រយកដីធ្លី ផ្ទះសម្បែងដែលមិនអាចចូលទៅរស់នៅលើទីតាំងដីរបស់ខ្លួនបាន មានដូចជា ភូមិជោគជ័យភូមិព្រៃចាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិសាមគ្គី ភូមិត្រពាំងសំរោង ភូមិផ្លូវបំបែក និងភូមិបន្ទាយមានឬទ្ធិ ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ចំពោះបងប្អូនដែលរងផលប៉ះពាល់ដោយសារយោធាថៃហ៊ុព័ទ្ធផ្ទះសម្បែង ដែលមិនអាចចូលទៅរស់នៅក្នុង ទីតាំងភូមិទាំង៦ខាងលើ រាជរដ្ឋាភិបាលដែលមាន សម្តេចធិបតី នាយករដ្ឋមន្ត្រី តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ទាំងការរស់នៅ និងជីវភាពរបស់បងប្អូន ហើយបាននិងកំពុងរៀបចំដីធ្លីជាគម្រោងរបស់សមាគមអតីតយុទ្ធជន ដើម្បីសាងសង់ផ្ទះសម្រាប់ផ្តល់ជូនបងប្អូនដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុងតំបន់ហ៊ុំព័ទ្ធ បានរស់នៅជាបណ្តោះអាសន្ន ដែលមានទីតាំងនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លើផ្ទៃដីទំហំ៤០០ហិកតា និងមានហេដ្ឋារចនាសម្ព័ន្ធនានាគ្រប់គ្រាន់។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន ក្រុមការងារបាននឹងកំពុងដំណើរការសាងសង់ផ្ទះបានមួយចំនួន និងផ្តល់ជូនសម្រាប់បងប្អូនភៀសសឹក ដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុង តំបន់ហ៊ុំព័ទ្ធចូលទៅរស់នៅជាបណ្ដោះអាសន្នជំហានដំបូងតាមរយៈនៃការចាប់ឆ្នោត៕





