សម្តេចធិបតី៖ ២០ឆ្នាំទៀត ខេត្តស្វាយរៀង នឹងក្លាយជាខេត្តដែលមានសក្តានុពលខ្លាំង លើវិស័យឧស្សាហកម្ម

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្តីសង្ឃឹងថា ២០ឆ្នាំទៀត រោងចក្រមិនត្រឹមតែមាននៅក្រុងបាវិតប៉ុណ្ណោះទេ និងកើតមានជុំវិញខេត្តបន្ថែមទៀត ខណៈសម្តេចថា ខេត្តស្វាយរៀង នឹងក្លាយជាខេត្តដែលមានសក្តានុពលខ្លាំង លើវិស័យឧស្សាហកម្មផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ គឺខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងខេត្តមណ្ឌលគិរី ដែលជាគម្រោងហិរញ្ញប្បទានដោយថវិកាជាតិ។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងជំរុញឱ្យអភិបាលខេត្តស្វាយរៀង គណៈបញ្ជាខេត្ត និងគណៈបញ្ជាការឯកភាព ជាពិសេសនៅខាងក្រុងបាវិត ក្រុងស្រុកទាំងអស់ ត្រូវធ្វើយ៉ាងណាបង្កើតរក្សាឱ្យបានសន្តិសុខ សណ្តាប់ធ្នាប់ ព្រោះសន្តិសុខ សណ្តាប់ធ្នាប់នេះពិតជាសំខាន់ដែលពាក់ព័ន្ធទៅដល់រូបភាព កេរ្តិ៍ឈ្មោះរបស់ខេត្ត។

សម្តេចថា បើបញ្ហាសន្តិសុខ សុវត្ថិភាពល្អ សណ្តាប់ធ្នាប់ល្អ គឺជាបរិយាកាសបរិស្ថានល្អ ដើម្បីទាក់ទាញអ្នកវិនិយោគ និងបង្កើនវិនិយោគ បង្កើតឱ្យមានក្តីសង្ឃឹម ដែលថា ២០ឆ្នាំទៀត រោងចក្រមិនត្រឹមតែមាននៅក្រុងបាវិតប៉ុណ្ណោះទេ និងកើតមានជុំវិញខេត្តបន្ថែមទៀត។ នេះជាអ្វីដែលយើងត្រូវរួមគ្នាអនុវត្តទាំងអស់គ្នា។

យ៉ាងណាមិញ ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចធិបតី បានស្នើឱ្យឯកអគ្គរាជទូតជប៉ុន ជួយទាក់ទាញវិនិយោគិនជប៉ុន មកវិនិយោគនៅខេត្តទិសខាងកើតកម្ពុជា ពិសេសក្នុងខេត្តស្វាយរៀងឱ្យបានច្រើន ដោយផ្តោតលើវិស័យឧស្សាហកម្ម ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋបន្ថែមទៀត៕ អត្ថបទ៖ហ្សាលីន