រាជរដ្ឋាភិបាល សម្រេចបញ្ចុះអត្រាពន្ធគយ ​និង​អត្រាអាករនាំចេញ​ លើមុខ​ទំនិញឧបករណ៍អគ្គិសនី, ប្រព័ន្ធសូឡា, រថយន្តអគ្គិសនី និងទំនិញមួយចំនួនទៀត

សង្គម​ និង​សេដ្ឋកិច្ច

នារសៀលថ្ងៃទី២៩ ខែមីនានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការកែសម្រួលអត្រាពន្ធគយនិងអត្រាអាករនាំចេញ លើមុខទំនិញមួយចំនួន ដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រួលអត្រាពន្ធគយនិងអត្រាអាករនាំចេញ លើមុខទំនិញមួយចំនួនដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១- បញ្ចុះអត្រាពន្ធនាំចូលពី ៧% មក ០% លើមុខទំនិញ ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី, ឆ្នាំងដាំបាយ អគ្គិសនី និងចង្កៀងសូឡា ចំនួន ០៩ បន្ទាត់ពន្ធ

២- បញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ០% លើមុខទំនិញ ម៉ូទ័រសម្រាប់យានយន្តអគ្គិសនី, ប្រព័ន្ធថាមពល សូឡា, អាគុយលីចូម (អាគុយកុំព្យូទ័រយួរដៃ, អាគុយយន្តហោះ, អាគុយយានយន្ត, អាគុយសូឡា និង ឧបករណ៍ផ្ទុកថាមពលដូចជា Power bank, Power station, ថ្មទូរសព្ទ ជាដើម), ចង្ក្រានកម្ដៅអគ្គិសនី, កំសៀវអគ្គិសនី, រថយន្តដឹកអ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV ចំនួន ១៧៩ បន្ទាត់ពន្ធ ៣- បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ៧% លើមុខទំនិញរថយន្តគ្រួសារប្រភេទ PHEV ចំនួន ៩២ បន្ទាត់ពន្ធ

៤- បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ០% លើមុខទំនិញ ចង្ក្រានអគ្គិសនី, ចង្ក្រានអាំងនំប៉័ង និងរថយន្ត គ្រួសារប្រភេទ EV ចំនួន ១២ បន្ទាត់ពន្ធ

៥- បញ្ចុះអត្រាអាករនាំចេញពី ២៥% មក ១០% លើមុខទំនិញរ៉ែបុកស៊ីត (រ៉ែអាលុយមីញ៉ូម) ចំនួន ០១ បន្ទាត់ពន្ធ។

គួរឱ្យដឹងថា អត្រាពន្ធគយនិងអត្រាអាករនាំចេញកែសម្រួលថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ។