គណៈប្រតិភូការិយាល័យគណៈកម្មាធិការគ្រប់គ្រង និងជំរុញវិនិយោគទ្បាវ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានមកជួបពិភាក្សាជាមួយគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ដើម្បីមកសិក្សាស្វែងយល់ដោយផ្ទាល់ពីតួនាទីភារកិច្ចរបស់ ក.អ.ក. ក្នុងការជំរុញទាក់ទាញ និងថែទាំវិនិយោគ។

ជំនួបពិភាក្សានេះ បានធ្វើឡើងរវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយគណៈប្រតិភូដឹកនាំដោយឯកឧត្តម Vanthana Nolintha អគ្គនាយក IPO។
ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការ បានស្វាគមន៍គណៈប្រតិភូ ដែលបានមកសិក្សាស្វែងយល់ដោយផ្ទាល់ពីតួនាទីភារកិច្ចរបស់ ក.អ.ក. ពិសេស តួនាទីភារកិច្ចរបស់ គ.វ.ក. ក្នុងការជំរុញទាក់ទាញ និងថែទាំវិនិយោគ។ លោក ក៏ជម្រាបជូនគណៈប្រតិភូដោយសង្ខេបពីសាវតា និងរចនាសម្ព័ន្ធរបស់ ក.អ.ក. និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

ក្នុងជំនួបនោះដែរ គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានធ្វើបទបង្ហាញស្តីពីច្បាប់ស្តីពីវិនិយោគ, របបនៃការលើកទឹកចិត្តវិនិយោគ និងនីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគ និងធ្វើបទបង្ហាញស្តីពីដំណើរការនៃការរៀបចំកិច្ចសន្ទនារវាងរដ្ឋ និងផ្នែកឯកជននៃបណ្តាប្រទេសមួយចំនួន ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន ដែលកិច្ចការនេះជាផ្នែកដ៏សំខាន់មួយក្នុងការថែទាំវិនិយោគ។
ថ្លែងក្នុងជំនួបនោះ លោក Vanthana Nolintha បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ និងឧត្តមានុវត្តន៍របស់ គ.វ.ក. ដែលបានចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនយ៉ាងឆាប់រហ័ស។លោក ក៏បានអញ្ជើញប្រតិភូកម្ពុជា ទៅទស្សនកិច្ចនៅប្រទេសឡាវដើម្បីផ្លាស់ប្តូរព័ត៌មានថ្មីៗ សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាង គ.វ.ក. និង IPO ក៏ដូចជាជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ។
សូមរម្លឹកដែរថា ក្នុងឆ្នាំ២០២៥ មានគម្រោងវិនិយោគចំនួន៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែងត្រូវបានចុះបញ្ជី ដោយគណៈកម្មាធិការវិនិយោគកម្ពុជា។នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីនេះៗ៕អត្ថបទ៖ហ្សាលីន



