ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ រាជរដ្ឋាភិបាល ចាត់ទុកវិស័យឯកជនជាដៃគូអភិវឌ្ឍន៍ដ៏ពិតប្រាកដ

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានលើកឡើងថា រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាដៃគូអភិវឌ្ឍន៍ដ៏ពិតប្រាកដ ដូច្នេះការជជែកពិភាក្សាដោយស្មោះត្រង់ គឺជាគន្លឹះតែមួយគត់ក្នុងការស្វែងរកដំណោះស្រាយរួមប្រកបដោយប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី១ រវាងស្ថាប័នរដ្ឋនិងវិស័យឯកជន ដោយមាន ក.អ.ក. ក្នុងនាមស្ថាប័នរដ្ឋ ជាម្ចាស់ផ្ទះរៀបចំកម្មវិធី កាលទី២ ខែមេសា ឆ្នាំ២០២៦។វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងបើកទំព័រថ្មីនៃកិច្ចសន្ទនាដោយត្រង់ទៅត្រង់មក និងស៊ីជម្រៅ ដើម្បីជំរុញបរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពទាក់ទាញ និងប្រកបដោយបរិយាបន្ន។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អនុប្រធានទី៣ នៃ ក.អ.ក. រួមជាមួយវត្តមានអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ជប៉ុន សហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក ចិន និងកូរ៉េ។ ក្រៅពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងតំណាងអង្គទូត វេទិកានេះក៏ចូលរួមពីថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម និងសមាគមធុរកិច្ចអន្តរជាតិឈានមុខ ដែលជាតួអង្គសេដ្ឋកិច្ចដ៏សំខាន់ រួមមាន ប្រធានសភាពាណិជ្ជកម្មអាម៉េរិក (AmCham), អឺរ៉ុប (EuroCham), ចិន (CCCC), កូរ៉េ (KOCHAM) និងសមាគមធុរកិច្ចជប៉ុន (JBAC) ព្រមទាំងសមាជិក សមាជិកា នៃស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តម ក៏ជំរុញដល់តំណាងវិស័យឯកជនទាំងអស់ “កុំមានការស្ទាក់ស្ទើរ” ក្នុងការលើកឡើងនូវរាល់បញ្ហាប្រឈម ឧបសគ្គ ឬកង្វល់នានាដែលកំពុងជួបប្រទះក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។ ឯកឧត្តមបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាដៃគូអភិវឌ្ឍន៍ដ៏ពិតប្រាកដ ដូច្នេះការជជែកពិភាក្សាដោយស្មោះត្រង់ គឺជាគន្លឹះតែមួយគត់ក្នុងការស្វែងរកដំណោះស្រាយរួមប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹងជំនឿទុកចិត្ត និងធានានូវភាពជោគជ័យនៃគម្រោងវិនិយោគទាំងឡាយ។

ជាមួយគ្នានេះ តំណាងអង្គទូត និងសហគមន៍ធុរកិច្ចអន្តរជាតិរបស់តំណាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងក្នុងតំបន់ និងសកលលោក ក្នុងកម្មវិធីតែមួយនេះ បានបង្ហាញយ៉ាងច្បាស់ពីទំនុកចិត្តយ៉ាងរឹងមាំមកលើស្ថិរភាពនយោបាយ និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា។

សូមជម្រាប់ថា តាមរយៈកម្មវិធីខាងលើ ភាគីពាក់ព័ន្ធបានចាត់ទុកថា គឺជាសញ្ញាណវិជ្ជមានថ្មីមួយទៀតក្នុងការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវចក្ខុវិស័យសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរុងរឿង និងមានភាពធន់ក្នុងតំបន់ និងសកលលោក៕ អត្ថបទ៖ហ្សាលីន