សហគ្រាស​/ក្រុមហ៊ុន​ចិនប្រមាណ​ ២០ មកស្វែងយល់ពីស្ថានភាពពាណិជ្ជកម្ម​ និងវិនិយោគរបស់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សហគ្រាស/ក្រុមហ៊ុនចិនប្រមាណ ២០ មកស្វែងយល់ពីស្ថានភាពពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា សំដៅឈានទៅតភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជា។នេះបើយោងតាមកិច្ចប្រជុំស្តីពីការលើកកម្ពស់ពាណិជ្ជកម្ម​ និងវិនិយោគរវាងចិន​និងកម្ពុជា​ ដែលរៀបចំដោយសមាគមចិន-កម្ពុជា​ ជាមួយលោក​ ឡៅ​ ងួន​ អេង​ អនុព័ន្ធពាណិជ្ជកម្មកម្ពុជា​ កាលពីចុងខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ការយល់ដឹងអំពីស្ថានពាណិជ្ជកម្ម​ និងវិនិយោគរបស់កម្ពុជា​និងការតភ្ជាប់ទីផ្សារ​ ដោយមានការចូលរួមពីតំណាងសហគ្រាស​/ក្រុមហ៊ុន​ចិនប្រមាណ​ ២០​ ដែលមានបំណងតភ្ជាប់ទំនាក់ទំនងទីផ្សារ​ ធ្វើធុរកិច្ច​ និងពង្រីកការវិនិយោគនៅកម្ពុជា ដោយក្នុងនោះភាគច្រើននៃសហគ្រាសចិនចូលរួមនេះ​ មានជំនាញផលិតសម្គារ:ប្រើប្រាស់​ប្រចាំថ្ងៃ និងកែច្នៃអាហារ​ ជាដើម។

ក្នុងរយៈពេល១ឆ្នាំពេញនៃឆ្នាំ២០២៥ ពោលគិតចាប់ពីខែមករា-ធ្នូ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មលំដាប់ទី១របស់កម្ពុជា ដែលទំហំពាណិជ្ជកម្មកម្ពុជា ចិន សម្រេចបានក្នុងទឹកប្រាក់ប្រមាណ ១៩,៧ ពាន់លានដុល្លារ កើនឡើងជិត ៣០% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

បើតាមរបាយការណ៍ ក្នុងឆ្នាំ២០២៥កន្លងទៅនេះ កម្ពុជាបានសម្រេចការនាំចេញទៅចិនក្នុងទឹកប្រាក់ប្រមាណ ១,៦ ពាន់លានដុល្លារ ធ្លាក់ចុះ ៣.៦៤% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណ ១៨ ពាន់លានដុល្លារ កើនឡើង ៣៤.២៩% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕អត្ថបទ៖ហ្សាលីន