ព្រលានយន្តហោះចាស់ នឹងបើកដំណើរការសាកល្បងជាសួនសាធារណៈសម្រាប់សាធារណជនចូលកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមការងារអន្តរក្រសួងដើម្បីសិក្សាអំពីការគ្រប់គ្រងនិងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) បានចេញសេចក្តីជូនដំណឹងស្តីពីការបើកដំណើរការសាកល្បង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់)​ជាសួនសាធារណៈសម្រាប់សាធារណជនចូលកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅក្នុងខែមេសា ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីជូនដំណឹងរបស់ក្រុមការងារអន្តរក្រសួងដើម្បីសិក្សាអំពីការគ្រប់គ្រងនិងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) នាថ្ងៃទី៦ ខែមេសានេះ បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបើកដំណើរការសាកល្បងជាសួនសាធារណៈជូនសាធារណជនចូលទស្សនា, កម្សាន្ត, ហាត់ប្រាណ និងលេងកីឡា ដោយមិនគិតថ្លៃ ក្នុងគោលបំណងចូលរួមអបអរសាទរក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឱ្យឃើញច្បាស់ពីស្ថាបត្យកម្មនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ។ បងប្អូនប្រជាពលរដ្ឋអាចចូលទស្សនាជុំវិញតំបន់និងអគារជាច្រើន ក្នុងនោះរួមមាន អគារផ្ចិត និងប៉មបញ្ជាហោះហើរ (Tower) ដែលត្រូវបានកសាងឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០, តំបន់ជុំវិញបរិវេណអគារចេញ- ចូលអ្នកដំណើរវីអាយភី (VIP), ចំណតយន្តហោះស៊ីវិល និង តំបន់ផ្លូវរត់របស់យន្តហោះ (Runway) ជាដើម ដែលសុទ្ធសឹងតែជាតំបន់និងទីតាំងប្រវត្តិសាស្ត្រនៃវិស័យអាកាសចរស៊ីវិលកម្ពុជា។

បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានតុបតែងលម្អនៅតំបន់មួយចំនួន និងការដាក់បដាផ្សេងៗដែលមានរូបភាពជាល្បែងប្រពៃណីជាតិយើង ដើម្បី អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ ២០២៦ ក្នុងបរិវេណព្រលានយន្តហោះនេះផងដែរ។

ដើម្បីឱ្យដំណើរការបើកសាកល្បងនេះ ប្រព្រឹត្តទៅដោយជោគជ័យ, រក្សាបាននូវសន្តិសុខ, សុវត្ថិភាព, សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងធានានូវសោភ័ណភាពល្អជូនប្រជាពលរដ្ឋទាំងអស់, ក.ស.អ. បានណែនាំដល់បងប្អូនប្រជាពលរដ្ឋនូវ៩ចំណុច៖

ទី១. ការបើកសាកល្បងនេះ មានរយៈពេល ៩ ថ្ងៃ គឺ ចាប់ពីថ្ងៃសៅរ៍ ទី១១ រហូតដល់ថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២៦ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលចាប់ពីម៉ោង ៥:០០ ព្រឹក ហើយត្រូវចាកចេញនៅម៉ោង ៩:០០ យប់។

ទី២. ប្រជាពលរដ្ឋចូលកម្សាន្ត ដោយថ្មើរជើង ចេញចូលតាមច្រក វីអាយភី (VIP) (ចំណុចលេខ១)។

ទី៣. ប្រជាពលរដ្ឋចូលកម្សាន្ត តាមរយៈមធ្យោបាយ ដូចជា កង់ ម៉ូតូ ឡាន ចូលតាមច្រកអគារ Terminal (ចំណុចលេខ ៣)។

ទី៤. ប្រជាពលរដ្ឋចូលកម្សាន្ត តាមរយៈមធ្យោបាយ ដូចជា កង់ ម៉ូតូ ឡាន ចេញតាមច្រកអគារ Terminal (ចំណុចលេខ ២)។

ទី៥. ប្រជាពលរដ្ឋត្រូវចូលរួមរក្សាអនាម័យ និងសណ្តាប់ធ្នាប់ ដោយប្រើប្រាស់បន្ទប់ទឹកចល័ត និងធុង សម្រាម ឱ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយ (ចំណុចលេខ ៦, ៧, ៨ និង ៩)។

ទី៦. ប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមស្លាកសញ្ញា និងការណែនាំ សម្រាប់គ្រប់ បរិវេណដែលហាមឃាត់។

ទី៧. ហាមដាច់ខាតមិនឱ្យមានការលក់ដូរ, មិនឱ្យមានការយកចូលនិងពិសាគ្រឿងស្រវឹង និងមិនឱ្យមាន ការយកចូលនិងប្រើប្រាស់កាំជ្រួចនិងគ្រឿងផ្ទុះនានា នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ។

ទី៨. ការផ្ញើម៉ូតូ ត្រូវបង់កម្រៃ ១ ០០០ រៀល សម្រាប់ម៉ូតូមួយគ្រឿង និង ការផ្ញើឡាន ត្រូវបង់កម្រៃ ២ ០០០ រៀល សម្រាប់ឡានមួយគ្រឿង និងការផ្ញើកង់មិនមានការយកកម្រៃ ចាប់ពីម៉ោង ៥:០០ ព្រឹក រហូតដល់ម៉ោង ៩:០០ យប់។