សម្តេចរដ្ឋសភា ៖ សហគ្រាសធុនតូច និងមធ្យមជាឆ្អឹងខ្នងដ៏រឹងមាំសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម គឺជា “ឆ្អឹងខ្នងដ៏រឹងមាំ” ដែលទ្រទ្រង់នូវរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល។ ខណៈវត្តមានសហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) មានប្រមាណ ៧៥ម៉ឺនមូលដ្ឋាន ដែលកំពុងផ្តល់ដង្ហើមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជិត ៣លាននាក់ ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅក្នុងឱកាសអនុញ្ញាតជូនប្រតិភូថ្នាក់ដឹកនាំសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ស្របពេលដែលរាជរាជរដ្ឋាភិបាលប្រារព្ធទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ នៅថ្ងៃទី៩ ខែមេសានេះ។

សម្តេចរដ្ឋសភា បានបន្តថា អ្វីដែលជាមោទនភាពបំផុតនោះ គឺការឃើញឧស្សាហកម្មរបស់យើងកំពុងធ្វើបរិវត្តកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មដែលផ្អែកលើជំនាញ និងបច្ចេកវិទ្យា ដែលនេះជាមាគ៌ាដ៏ត្រឹមត្រូវបំផុតសម្រាប់ចីរភាពនៃសេដ្ឋកិច្ចជាតិក្នុងយុគសម័យឌីជីថល។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីសម័យសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា រហូតមកដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសហគ្រាសធុនតូច និងមធ្យម។

ក្នុង​ឱកាសនោះ សម្តេចរដ្ឋសភាធិបតី ក៏បានលើកទឹកចិត្តដល់សម្ពន្ធ័សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ឱ្យបន្តដើរតួជាក្បាលម៉ាស៊ីនក្នុងការរុញច្រានការបណ្តុះបណ្តាលផ្នែកនវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។ ការពង្រឹងសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាការចាំបាច់បំផុត ក្នុងការកសាងសន្តិសុខសេដ្ឋកិច្ច និងការផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក។ អ្វីដែលជាមោទនភាពបំផុតនោះ គឺនៅពេលនេះ ឧស្សាហកម្មរបស់យើងកំពុងធ្វើបរិវត្តកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មដែលផ្អែកលើជំនាញ និងបច្ចេកវិទ្យា ដែលនេះជាមាគ៌ាដ៏ត្រឹមត្រូវបំផុតសម្រាប់ចីរភាពនៃសេដ្ឋកិច្ចជាតិក្នុងយុគសម័យឌីជីថល។ នេះមិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសញ្ញាដាស់តឿនឱ្យយើងត្រូវរួមគ្នាពង្រឹងគុណភាពផលិតផលឱ្យស្របតាមស្តង់ដារ ដែលនឹងអាចប្រកួតប្រជែងដោយសមធម៌ នៅលើឆាកតំបន់ និងអន្តរជាតិ៕