ឧទ្យានលំដាប់ពិភពលោក តម្លៃ៧០លានដុល្លារ នៅសៀមរាប នឹងបើកដំណើរការនៅចុងខែតុលា

សង្គម​និង​សេដ្ឋកិច្ច

ឧទ្យាន​សួន​ចិញ្ចឹមសត្វ និង​អាង​ចិញ្ចឹម​ត្រី​លំដាប់​ពិភពលោក របស់​ក្រុមហ៊ុន Angkor Wildlife & Aquarium ដែល​សាងសង់​អស់​តម្លៃ​ប្រមាណ ៧០​លាន​ដុល្លារ ​​លើ​ផ្ទៃ​ដី ១០០​ហិកតា នៅ​ខេត្ត​សៀមរាប ​​​គ្រោង​នឹង​ចាប់​ផ្តើម​បើក​ឱ្យ​ដំណើរការ នៅ​ចុង​ខែ​តុលា ឆ្នាំ២០២២​នេះ​ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​លោកស្រី ទាង អេង ​ភរិយា​របស់​លោក​ ទៀ សីហា អភិបាល​ខេត្ត​សៀមរាប ​​​បាន​បញ្ជាក់​ឱ្យ​ដឹង​​តាម​រយៈ​បណ្តាញ​សង្គម​​​ថា គម្រោង​​សួន​សត្វ​ Angkor Wildlife & Aquarium ​​នេះ​ ​​នឹង​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​​​​បន្ថែម​មួយ​ទៀត​របស់​ខេត្ត​សៀមរាប​ បន្ទាប់ពី​​​​​ប្រាសាទ​អង្គរវត្ត។ លោក​ស្រី បាន​​បន្ថែម​ថា ចំណុច​ពិសេសនៅក្នុងទីតាំងនេះមាន​ដូចជា​ ត្រីទឹកសាប ​រស់នៅក្នុងទន្លេមេគង្គ មានរូបរាងប្លែកធំ គឺត្រីរាជ ទម្ងន់ដល់ទៅ ១០០គីឡូជាង និងកម្របានឃើញ ព្រមទាំងមានអ្នកជំនាញមើលថែត្រី និងអភិរក្សត្រីប្លែកៗ យ៉ាងយកចិត្តទុកដាក់​ផង​ដែរ។

​សូមបញ្ជាក់ថា ឧទ្យាន Angkor Wildlife & Aquarium ​​ស្ថិត​នៅក្នុង​ឃុំ​ខ្ចាស់ ស្រុក​សូត្រនិគម ខេត្ត​សៀមរាប ដោយ​មាន​ចម្ងាយ​ប្រមាណ ៣០ ​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប។ អភិបាលស្រុក​សូត្រនិគម លោក ម៉ក់ ប្រុស បាន​​ថ្លែង​ឱ្យ​ដឹង​​ កាល​ពី​​ថ្ងៃទី​ ១៩ ខែកញ្ញា​ថា Angkor Wildlife & Aquarium ត្រូវបាន​វិនិយោគ​ដោយ​វិនិយោគិន​ក្នុងស្រុក និង​បរទេស​ (​អាមេរិក និង​ជប៉ុន​) ក្នុង​គោលបំណង​ ដើម្បី​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ ពិសេស​ក្នុង​ស្រុក​សូត្រនិគម តាមរយៈ​ការបង្កើត​ឱ្យ​មាន​កន្លែង​កម្សាន្ត​លំដាប់​ពិភពលោក​ សម្រាប់​ទទួល​ភ្ញៀវទេសចរ​ពី​គ្រប់​ទិសទី ព្រម​ទាំង​បង្កើត​ឱកាស​ការងារ​ជាច្រើន​ សម្រាប់​ប្រជាជន​ក្នុង​តំបន់៕